(ប៉េកាំង)៖ នៅថ្ងៃពុធនេះអាជ្ញាធរថៃបានប្រកាសពី ការរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៣៥នាក់ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបន្តកើនដល់ ២៦,១០៨នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ហៅកាត់ថា CCSA របស់ប្រទេសថៃ បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២៥ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង១០ករណីទៀតជាករណីឆ្លង ដែលត្រូវបានរកឃើញលើអ្នកទើបត្រឡប់មកពីក្រៅប្រទេស ។ សម្រាប់ករណីឆ្លងក្នុងស្រុក ១២ករណីត្រូវបានរាយការណ៍ចេញពីខេត្ត សាមុតសាខន, ៨ករណីចេញពីខេត្ត ផាទុមថានី, ៣ករណីចេញពី ទីក្រុងបាងកក រីឯខេត្ត ប្រាជួបគីរីខ័ន និងខេត្តអាយុធ្យាមាន១ករណី។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 ទាំង ២៦,១០៨នាក់ នៅក្នុងប្រទេសថៃ មាន២៥,៤៨៣នាក់ បានជាសះស្បើយវិញ ខណៈ៥៤១នាក់កំពុងនៅបន្តសម្រាកព្យាបាលតាមមន្ទីរពេទ្យ។ ចំណែកតួលេខអ្នកជំងឺដែលស្លាប់ គឺនៅ៨៤នាក់ដដែល៕