(បាកដាដ)៖ គ្រាប់រ៉ុក្កែតយ៉ាងហោច១០គ្រាប់បានធ្លាក់ចំមូលដ្ឋានទ័ព អាកាស អាន់ អាល់-សាដ (Ain al-Asad) របស់អ៉ីរ៉ាក់ដែលទទួលឱ្យកងទ័ពអាមេរិក, ក្រុមចម្រុះ និងកងទ័ពអ៉ីរ៉ាក់ឈរជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
មូលដ្ឋានទ័ពអាកាស អាន់ អាល់-សាដ មានទីតាំងស្ថិតនៅក្នុងខេត្ត អាល់ អាន់បា (Al Anbar)។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិច ឬជនរងគ្រោះថ្នាក់ម្នាក់ ឡើយ។ ក៏ប៉ុន្តែ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅថ្ងៃពុធនេះកើតមានឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារតាមផ្លូវការលើ មូលដ្ឋានជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ នៅលើទឹកដីស៊ីរី ដែលទីក្រុងវ៉ាស៊ីនតោនជឿជាក់ថាជាអ្នកនៅពីក្រោយការវាយប្រហារប្រឆាំងកងទ័ព អាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់កាលពីពេលថ្មីនេះ។
គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស អាន់ អាល់-សាដ ក៏ធ្លាប់រងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់អ៉ីរ៉ង់ផងដែរកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ជាការសងសឹកឱ្យ វិញ្ញាណក្ខន្ធមេទ័ពកំពូលរបស់ខ្លួន គឺលោក កសឹម សូឡៃម៉ានី ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិតនៅទីក្រុងបាកដាដ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំដដែល៕