(គូឡាឡាំពួ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ម៉ាឡេស៉ីផ្តល់ការអនុញ្ញាតដោយមានលក្ខខណ្ឌ ចំពោះការប្រើប្រាស់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងរបស់ក្រុមហ៊ុនចិន Sinovac បន្ទាប់ពីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ នៅទូទាំងប្រទេសកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
ម៉ាឡេស៉ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន កាលពីថ្ងៃទី២៤ ខែមីនា ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer ដែលមានក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាដៃគូអភិវឌ្ឍន៍ ដើម្បីគ្រប់គ្រងស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 ហើយព្យាយាមជួយស្រោចស្រង់សេដ្ឋកិច្ចវិញ។ អាជ្ញាធរសុខាភិបាលម៉ាឡេស៉ី ក៏កំពុងវាយតម្លៃទៅលើវ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V របស់រុស្ស៉ី ផងដែរ។
គួរបញ្ជាក់ថា ម៉ាឡេស៉ីមានគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនឲ្យបានយ៉ាងហោច ៨០ភាគរយ នៃចំនួនប្រជាជនសរុបប្រមាណជា ៣២លាននាក់ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២២។ កាលពីឆ្នាំខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលម៉ាឡេស៉ីបានឲ្យដឹងថា ខ្លួនមានកិច្ចព្រមព្រៀង សម្រាប់ការទទួលបានវ៉ាក់សាំងសរុប ៦៦.៧លានដូស ដែលលើសពីគ្រប់គ្រាន់ទៅទៀត ក្នុងការចាក់ឲ្យប្រជាជនខ្លួនមួយប្រទេស៕