(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះបានឲ្យដឹងថា លោកបានចេញបញ្ជាឲ្យបើកការសិក្សា ដើម្បីស្ទាបស្ទង់ទៅលើគម្រោងចេញ «លិខិតបញ្ជាក់ពីការវ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់» ជូនដល់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីព្យាយាមស្តារវិស័យទេសចរណ៍ ដ៏មានសារសំខាន់សម្រាប់ប្រទេសអាស៊ានមួយនេះឡើងវិញ បន្ទាប់ពីវាបានរងការប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការរាតត្បាតនៃ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្រ្តីថៃបាននិយាយថា ទោះជាយ៉ាងណាការសិក្សានេះ នឹងប្រព្រឹត្តទៅដោយការប្រុងប្រយ័ត្នខ្ពស់ ជាមួយការទន្ទឹងរង់ចាំមើលថា តើវ៉ាក់សាំងមានប្រសិទ្ធភាពជាក់ស្តែង ដល់កម្រិតណាជាមុនសិន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយប្រទេសលោកក៏នឹងតាមដានដិតដល់ ចំពោះគម្រោងស្រដៀងគ្នានេះ នៅតាមបណ្តាប្រទេសដទៃទៀតផងដែរ។
បើតាមលោក ប្រាយុទ្ធ អ្នកទាំងឡាយនៅក្នុងប្រទេសថៃ ដែលត្រូវបានចាក់វ៉ាក់សាំងបង្ការរួចហើយ នឹងទទួលបានលិខិតបញ្ជាក់ ដែលអាចប្រើប្រាស់សម្រាប់ការធ្វើដំណើរជាអន្តរជាតិ។ នៅសប្តាហ៍ក្រោយនេះ អាជ្ញាធរថៃនឹងជួបប្រជុំ ដើម្បីពិភាក្សាអំពីនីតិវិធីក្នុងការស្នើសុំ ក៏ដូចជាផ្តល់លិខិតបញ្ជាក់បែបនេះ រួមទាំងការរៀបចំចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសថៃ ដោយមានការចាក់វ៉ាក់សាំងរួចរាល់។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ចំណូលពីវីស័យទេសចរណ៍របស់ប្រទេសថៃ បានថយចុះមកនៅ ៣៣២ពាន់លានបាត ដែលស្មើនឹង ១០.៩៤ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០១៩ ថៃទទួលបានចំណូលពីវិស័យនេះដល់ទៅ ១.៩១ទ្រីលានបាត។ ចំណែកឯចំនួនភ្ញៀវទេសចរវិញ បានធ្លាក់ចុះរហូតដល់ ៨៣ភាគរយផងដែរក្នុងឆ្នាំដដែល៕