(បាងកក)៖ ប្រទេសថៃនៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤២នាក់ថ្មីទៀត ក្នុងនោះ ៣៩នាក់់ជាករណីឆ្លងសហគមន៍ និង ០៣នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ។
ខេត្តសាមុតសាខន នៅតែជាតំបន់ដែលរកឃើញករណីឆ្លងច្រើនជាងគេ បើទោះបីជាជាងមួយសប្តាហ៍មកនេះ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងប្រទេសថៃ បានធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ។ ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ៣៩នាក់នោះ ២៤នាក់ស្ថិតនៅក្នុងខេត្តសាមុតសាខន។
បន្ថែមពីនេះ អ្នកជំងឺ COVID-19 ម្នាក់ជាបុរសមានអាយុ ៩២ឆ្នាំ ក៏បានបាត់បង់ជីវិតផងដែរ ស្ថិតនៅក្នុងខេត្ត ផាទុំថានី ខណៈបុរសវ័យចំណាស់រូបនេះ មានជំងឺទឹកនោមផ្អែម និងលើសឈាមស្រាប់ទៅហើយ។ គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៦,០៧៣ករណី (២៣,២៨៤នាក់ជាករណីឆ្លងក្នុងស្រុក) ក្នុងនោះស្លាប់ ៨៤នាក់ និងជាសះស្បើយវិញ ២៥,៤២០នាក់៕