(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវនឹងបង្កើនការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ដើម្បីឡើងឋានៈចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុត នៅឆ្នាំ២០២៦ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។
សារព័ត៌មានឡាវ Vientiane Times នៅថ្ងៃអង្គារនេះបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ដោយលោកបានគូសបញ្ជាក់ថា ក្នុងកំឡុងពេលនៃការត្រួតពិនិត្យមើលឡើងវិញរយៈពេល ០៣ឆ្នាំចុងក្រោយនៃប្រទេសមានការអភិវឌ្ឍតិចតួចបំផុត ប្រទេសឡាវត្រូវបានគេណែនាំឱ្យ ត្រៀមរៀបចំខ្លួនរយៈពេល០៥ឆ្នាំ ដើម្បីចាកចេញពីឋានៈនេះជាផ្លូវការនៅឆ្នាំ២០២៦។
ការឡើងឋានៈចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុត គឺជាគោលដៅរយៈពេលវែងរបស់រដ្ឋាភិបាលឡាវចាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ តាមរយៈការប្តេជ្ញាចិត្តខ្ពស់ និងវឌ្ឍនភាពជាប់លាប់ក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ (National Socio-economic Development Plans)។
លោក Saleumxay បានគូសបញ្ជាក់បន្ថែមថា ការដកប្រទេសឡាវចេញពីបញ្ជីក្រុមប្រទេសទាំងនេះ មិនមានន័យថាប្រទេសឡាវលែងមានភាពក្រីក្រនោះទេ ប៉ុន្តែបង្ហាញពីសមិទ្ធផលដែលទទួលបានយ៉ាងលំបាករបស់រដ្ឋាភិបាលក្នុងវិស័យអាទិភាពជាច្រើន។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) សម្រាប់គោលនយោបាយអភិវឌ្ឍបានត្រួសត្រាយផ្លូវសម្រាប់រយៈពេលត្រៀម រៀបចំយ៉ាងរលូន មុនពេលប្រទេសឡាវត្រូវបានដកចេញពីបញ្ជីប្រទេសមានការអភិវឌ្ឍតិចតួចបំផុតជាផ្លូវការ៕