(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអង្គារនេះបានប្រកាសពីការរកឃើញករណីឆ្លងដំបូងបំផុតនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមពីប្រទេស អាហ្វ្រិកខាងត្បូង មួយថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈមិនទាន់មានភស្តុតាងថាវីរុសបំប្លែងខ្លួននេះមានភាពកាចសាហាវ ដល់កម្រិតណា ការចម្លងទៅមនុស្សយ៉ាងឆាប់រហ័សរបស់វា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង»។ ក្រសួងបន្ថែមទៀតថាអាជ្ញាធរបានរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មីចំនួន៦ករណី ដោយក្នុងនោះមាន ៣ករណីរកឃើញនៅក្នុងស្រុក និង២ករណីជាពលរដ្ឋហ្វីលីពីនមកពីក្រៅប្រទេស ហើយមួយករណីទៀត កំពុងស្ថិតនៅក្រោមការសិក្សាបញ្ជាក់ពីប្រភព។
គួរបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ហើយដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ចំនួន៦សែនដូស ដែលជាអំណោយរបស់ទីក្រុងប៉េកាំង៕