(ហ្សាការតា)៖ ភ្នំភ្លើងដ៏ល្បីឈ្មោះនៅឥណ្ឌូណេស៊ី ស៊ីណាបាំង (Sinabung) បានព្រួសផេះយ៉ាងកញ្ជ្រោល ឡើងទៅលើផ្ទៃអាកាសក្នុងរយៈកម្ពស់ ៥គីឡូម៉ែត្រឯណោះ ដែលនេះជាសកម្មភាពកញ្ជ្រោលបំផុតលើកដំបូងហើយ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។
ភ្នំភ្លើង Sinabung នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra) បានស្ថិតក្នុងការតាមដានយ៉ាងដិតដល់ ចាប់តាំងពីវាបានផ្ទុះក្នុងកម្រិតធ្ងន់ទី ២ កាលពីថ្ងៃសីហា ឆ្នាំ២០២០ មកម្ល៉េះ។ អាជ្ញាធរឥណ្ឌូណេស៊ីមិនបានរាយការណ៍ថា មានមនុស្សរងគ្រោះ ឬមួយក៏អត់នោះឡើយ ប៉ុន្តែប្រជាជននានាត្រូវបានណែនាំ ឲ្យស្ថិតនៅចម្ងាយចាប់ពី ៣គីឡូម៉ែត្រឡើងទៅពីភ្នំភ្លើង Sinabung។
អ្នកបានឃើញហេតុការណ៍ខាងលើនេះបានអះអាងថា ភ្នំភ្លើង Sinabung មិនបានបញ្ចេញសំឡេងផ្ទុះឡើយ ប៉ុន្តែធូលីផេះផង់យ៉ាងកញ្ជ្រោល បាននិងកំពុងព្រួសចេញពីមាត់ភ្នំភ្លើង និងអណ្តែតឡើងកប់អាកាសតែម្តង។ យ៉ាងណាក៏ដោយ សកម្មភាពខាងលើនេះ ហាក់មិនបានបង្កការភ័យខ្លាំងនោះឡើយ សម្រាប់ប្រជាជនឥណ្ឌូណេស៊ី ដែលរស់នៅក្បែរៗភ្នំភ្លើងនោះ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ដោយហេតុនេះហើយ ទើបបាតុភូតរញ្ជួយដី និងបន្ទុះភ្នំភ្លើង តែងតែកើតមានឡើងជាញឹកញាប់។ ឥណ្ឌូណេស៊ីមានភ្នំភ្លើងសកម្ម ច្រើនជាងគេបំផុតលើលោករហូតដល់ទៅជិត ១៣០កន្លែង ហើយសម្រាប់ Sinabung ត្រូវបានគេដឹងថា មិនបានផ្ទុះអស់រាប់សតវត្សរ៍ឯណោះ មុននឹងវាបានផ្ទុះឡើងវិញ ជាលើកដំបូងកាលពីឆ្នាំ២០១០៕