Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា (Video inside)

02-03-2021 12:45

(រ៉ង់ហ្គូន)៖ បណ្តារដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ាន បានត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយ ឈានទៅបិទបញ្ចប់វិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើងជាលំដាប់ ក្រោយកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធានោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

កិច្ចប្រជុំពិសេសដែលនឹងប្រពឹ្រត្តទៅ តាមរយៈវីដេអូខុនហ្វ្រិនដោយសារតែ COVID-19 នេះ កើតមានឡើងតែ ០២ថ្ងៃប៉ុណ្ណោះ ក្រោយពីមានសេចក្តីរាយការណ៍ពីការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) ថា មនុស្សសរុប ១៨នាក់ហើយ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូ ជី និងថ្នាក់ដឹកនាំជាន់ខ្ពស់នានានៃរដ្ឋាភិបាលមុន ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ។

គួរបញ្ជាក់ថា អាស៊ានដែលប្រកាន់ភ្ជាប់នូវគោលការណ៍ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» នៃបណ្ដាប្រទេសជាសមាជិក ធ្លាប់បានជំរុញជាច្រើនលើកឱ្យមានកិច្ចសន្ទនារវាងលោកស្រី ស៊ូ ជី និងរដ្ឋាភិបាលយោធា សំដៅរកដំណោះស្រាយនយោបាយមួយ ដើម្បីបិទបញ្ចប់វិបត្តិសព្វថ្ងៃ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ថា ការអំពាវនាវដោយមិនមានការដាក់សម្ពាធ ពីប្លុកអាស៊ីអាគ្នេយ៍មួយនេះ ទំនងជាមិនអាចបញ្ចុះបញ្ចូលឱ្យយោធាមីយ៉ាន់ម៉ា ព្រមបកក្រោយវិញនោះឡើយ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង នៅតែអះអាងដដែលថា ខ្លួនប្តេជ្ញានឹងរៀបចំការបោះឆ្នោតឡើងវិញ ហើយប្រគល់អំណាចដល់គណបក្សណា ដែលបានឈ្នះឆ្នោតយ៉ាងពិតប្រាកដ។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទពិតប្រាកដ នៃការរៀបចំតាមការសន្យានេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយ ខណៈការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានសម្រេចអនុវត្តរយៈពេល ០១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕