(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសកាលពីយប់ថ្ងៃចន្ទថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសប៉ូឡូញ (Poland) ស្របទៅតាមតម្រូវការរបស់ប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។
លោក ស៊ី បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទ ជាមួយប្រធានាធិបតីប៉ូឡូញ លោក អានដាហ្សេច ឌូដា (Andrzej Duda) ដោយចង្អុលបង្ហាញថា «ប្រទេសប៉ូឡូញគឺជាប្រទេសដ៏សំខាន់មួយនៅទី្វបអឺរ៉ុប (ស្ថិតនៅរវាងអឺរ៉ុបកណ្តាល និងខាងកើត) ក៏ដូចជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ របស់ប្រទេសចិននៅទ្វីបអឺរ៉ុបផងដែរ។ ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ប៉ូឡូញ»។
ចាប់តាំងពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 មកទល់នឹងពេលនេះ ប្រទេសចិន និងប៉ូឡូញបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជួយគ្នាទៅវិញទៅមក ដោយភាគីទាំងពីរបានចូលរួមក្នុង កិច្ចសហប្រតិបត្តិការការពារ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ក៏ដូចជាការបន្តការងារ និងផលិតកម្មដែលបានបើកទំព័រថ្មី នៃមិត្តភាពរបស់ប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺ COVID-19 សកម្មភាពនៃការដឹកជញ្ជូន តាមរយៈខ្សែរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ក្នុងនោះរួមទាំងប៉ូឡូញផងដែរ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដែលបានឆ្លុះបញ្ចាំងពីការពឹងអាស្រ័យគ្នា ទៅវិញទៅមករវាងសង្វាក់ផ្គត់ផ្គង់ និងសង្វាក់ឧស្សាហកម្មរវាងប្រទេសចិន ប៉ូឡូញ និងសហភាពអឺរ៉ុប និងបានបង្ហាញពីសក្តានុពលដ៏ធំធេង សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរផងដែរ ព្រោះកាលពីឆ្នាំ២០២០កន្លងទៅនេះ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ១ របស់អឺរ៉ុបរួចទៅហើយ៕