(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានដាក់សម្ពាធឱ្យអារ៉ាប៊ីសាអូឌីតចាត់វិធានការបន្ថែមទៀត ជុំវិញឃាតកម្មលើ អតីតអ្នកកាសែត លោក ចាម៉ាល់ ខាសូកជី (Jamal Khashoggi) ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខនឹងការរិះគន់ ដោយសារតែមិនបានដាក់ទណ្ឌកម្ម ដោយផ្ទាល់លើព្រះអង្គម្ចាស់រាជទាឃាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងជំរុញឱ្យអារ៉ាប៊ីសាអីឌីត រំសាយចោលកងកម្លាំងចារកម្មរហ័ស (Rapid Intelligence Force) ហើយកែទម្រង់ស្ថាប័ន និងប្រព័ន្ធគ្រប់គ្រង ដើម្បីធានាឱ្យបានថា ការធ្វើសកម្មភាពប្រឆាំងក្រុមសកម្មជនសិទ្ធិមនុស្ស ត្រូវបានបញ្ឈប់ទាំងស្រុង»។ កងកម្លាំងចារកម្មរហ័សត្រូវបានគេស្គាល់ថា ជាកងកម្លាំងពិសេសមួយមានសមាជិក ១៥រូប និងត្រូវបានបង្កើតឡើង ដើម្បីការពារព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន និងស្ដាប់តាមបញ្ជារបស់ព្រះអង្គមួយអង្គគត់។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានចេញផ្សាយរបាយការណ៍មួយដែលបានចោទប្រកាន់ថា ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន បានអនុញ្ញាតឱ្យធ្វើឃាត អតីតអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ លោក ចាម៉ាល់ ខាសូកជី (Jamal Khashoggi) នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្ថង់ប៊ូល ប្រទេសតួកគី កាលពីឆ្នាំ២០១៨។ រដ្ឋបាលលោក បៃដិន ក៏បានដាក់ទណ្ឌកម្មលើមន្ត្រីអារ៉ាប៊ីសាអូឌីតចំនួន ៧៦រូបផងដែរ តែមិនមានព្រះអង្គម្ចាស់ប៊ិន សាល់ម៉ាន នៅក្នុងនោះទេ។ ទីក្រុងរីយ៉ាដបានថ្កោលទោសយ៉ាងខ្លាំង ចំពោះរបាយការណ៍នេះ ដោយចាត់ទុកថា វាជារឿងមិនពិត៕