(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៣,១៤៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤៣៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៣១៤,២៥៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥២៧,២២៦នាក់ និងជាសះស្បើយឡើងសរុប ១៩,៨១៧,៥៣២នាក់។
គួរបញ្ជាក់ថា អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានជំរុញឱ្យប្រជាជនអាមេរិកទាំងអស់ យល់ព្រមចាក់វ៉ាក់សាំងណាមួយក៏បាន ក្នុងចំណោមវ៉ាក់សាំងទាំង ៣ (Pfizer-BioNTech និងក្រុមហ៊ុន Moderna) ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ដោយមិនត្រូវពន្យារពេល ឬក៏រង់ចាំតែវ៉ាក់សាំងដែលខ្លួនត្រូវការនោះទេ។ ដោយឡែកវ៉ាក់សាំងមួយទៀតរបស់ក្រុមហ៊ុន Novavax ក៏កំពុងត្រៀមទទួលបានការអនុម័តផងដែរ ហើយវានឹងក្លាយជាវ៉ាក់សាំងទី ៤ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងករណីបន្ទាន់នៅសហរដ្ឋអាមេរិក៕