Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: តុលាការមីយ៉ាន់ម៉ាចោទប្រកាន់លោកស្រី អោង សាន ស៊ូ ជី មួយករណីបន្ថែមទៀត, បាតុកម្មនៅតែបន្តក្នុងថ្ងៃចន្ទនេះ ​​​​(Video inside)

01-03-2021 15:51

(រ៉ង់ហ្គូន)៖ តុលាការមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អោង សាន ស៊ូជី មួយករណីបន្ថែមទៀត ខណៈក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ា បើទោះជាមានការបង្រ្កាបយ៉ាងហិង្សា ពីសំណាក់កងកម្លាំងសន្តិសុខ ដែលបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៨នាក់ និងជាង ៣០រងរបួសរួចទៅហើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

មេធាវីម្នាក់របស់លោកស្រី ស៊ូ ជី បានប្រាប់ Reuters ថា អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដែលកំពុងជាប់ឃុំ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ បានបង្ហាញខ្លួននៅក្នុងសវនាការមួយ តាមរយៈវីដេអូខុនហ្វ្រិន នៅឯរដ្ឋធានីណៃដោ ហើយមើលទៅរូបលោកស្រីដូចជាស្គមជាងមុន។

លោកស្រី ស៊ូ ជី ត្រូវបានតុលាការចោទប្រកាន់ចំនួន ០២បទល្មើសរួចមកហើយ ក្នុងនោះរួមមានទី១៖ ការកាន់កាប់វិទ្យុទាក់ទង ឬអាយកូមដោយខុសច្បាប់ និងទីពីរ៖ ការបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ដោយបំពានវិធានការទប់ស្កាត់ COVID-19។ ចំណែកឯនៅថ្ងៃចន្ទនេះវិញ តុលាការក្រោមរបបយោធា បានចោទប្រកាន់លោកស្រីមួយករណីបន្ថែមទៀត នៅក្រោមផ្នែកមួយនៃក្រមព្រហ្មទណ្ឌសម័យអាណានិគម ដែលហាមឃាត់រាល់ការចែកចាយព័ត៌មាន ដែលអាចបង្កភាពការភ័យខ្លាច ឬភាពអាសន្ន ឬក៏បង្កការរំខានដល់ភាពស្ងប់សុខនៃសង្គម។ សវនាការថ្មីជុំវិញការចោទប្រកាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា។

គួរបញ្ជាក់តាមការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) បានអះអាងថា មនុស្សសរុប ១៨នាក់ហើយបានបាត់បង់ជីវិត និងជាង ៣០នាក់ទៀតរងរបួស នៅក្នុងការបង្រ្កាបពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅក្នុងការប៉ះទង្គិចគ្នានៅផ្នែកជាច្រើនប្រទេស កាលពីថ្ងៃអាទិត្យម្សិលមិញ។ បាតុកម្មនៅតែបន្តនៅថ្ងៃចន្ទនេះ ខណៈសហរដ្ឋអាមេរិកបានព្រមានរួចទៅហើយ អំពីការត្រៀមកញ្ចប់ទណ្ឌកម្មថ្មីទៀត ដើម្បីដាក់លើរបបយោធានៅមីយ៉ាន់ម៉ា៕