(ម៉ានីល)៖ ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា COVID-19ហើយ បន្ទាប់ពីវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថចិន Sinovac ដែលបរិច្ចាគដោយប្រទេសចិន បានមកដល់ប្រទេសរបស់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។
នាយកដ្ឋានសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19នេះ បានចាប់ផ្ដើមជាបណ្ដើរៗនៅតាមមន្ទីរពេទ្យនានានៅក្នុងរដ្ឋធានី ម៉ានីល នៃប្រទេសហ្វីលីពីននាព្រឹកថ្ងៃចន្ទនេះ និងនៅផ្នែកផ្សេងទៀតនៃប្រទេស នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះផងដែរ។
រដ្ឋាភិបាលហ្វីលីពីនមានគោលបំណងចាក់វ៉ាក់សាំងបង្ការ COVID-19 នេះ ជូនដល់ប្រជាជនហ្វីលីពីនរហូតដល់៧០លាននាក់ ក្នុងចំណោមប្រជាជនសរុបប្រមាណ ១១០លាននាក់ នៅឆ្នាំ២០២១នេះ ដើម្បីទទួលបានភាពស៊ាំជាសហគមន៍ ដោយចាប់ផ្តើមពីក្រុមបុគ្គលិកសុខាភិបាល ក្រុមមនុស្សចាស់ និងសហគមន៍ក្រីក្រជាមុន។
គួរបញ្ជាក់ថា បើតាមលោក ខាលីតូ ហ្គាល់វែស (Carlito Galvez) មន្ត្រីទទួលបន្ទុកផ្នែកវ៉ាក់សាំង ប្រទេសហ្វីលីពីន កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការ COVID-19 ជាង ១៦០លានដូសទៀតពីក្រុមហ៊ុនផលិតឱសថផ្សេងៗគ្នានៅឆ្នាំ២០២១ នេះ ក្នុងនោះក៏រួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ផងដែរ៕