(ប៉េកាំង)៖ រំលឹកឡើងវិញនូវដំណើរកាត់បន្ថយភាពក្រីក្រនៅប្រទេសចិន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ លោក ស៊ី ជីនភីង មេដឹកនាំកំពូលរបស់ប្រទេសចិន មានអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅ។ ក្នុងទសវត្សរ៍ទី៦០ និង៧០សតវត្សរ៍មុន តំបន់ជនបទនៅភាគខាងជើងខេត្ត Shannxi គឺមានសទិសន័យថា «ក្រីក្រ» ហើយ «ភូមិលាំងជាហឺ» នៅភាគខាងជើងខេត្ត Shannxi គឺជាកន្លែងក្រីក្របំផុត ។ នៅឆ្នាំ១៩៦៩ លោកស៊ី ជីនភីង ដែលមានអាយុ១៥ឆ្នាំ បានស្ម័គ្រចិត្តទៅធ្វើកលិកម្មតាំងពីក្មេងនៅភូមិនេះ។
តាមរយៈការតស៊ូខិតខំនៅក្នុងភូមិលាំងជាហឺ ដែលជាភូមិតូចតាចមួយ ស្ថានភាពក្រីក្រនៅតាមជនបទនានានៃប្រទេសចិន ត្រូវបានឆ្លាក់ក្នុងបេះដូងរបស់លោកស៊ី ជីនភីង ដោយលោកចង់ឱ្យកន្លែងជាច្រើនដូចភូមិលាំងជាហឺនៅប្រទេសចិនចេញផុតពីភាពក្រីក្រ។
នៅឆ្នាំ១៩៨២ លោកស៊ី ជីនភីង បានទៅធ្វើការនៅស្រុក Zhengding ខេត្ត Hebei។ នៅស្រុក Zhengding លោកស៊ី ជីនភីង បាននាំមុខសាកល្បងអនុវត្តគោលនយោបាយ ដែលគ្រួសារត្រកូលម៉ៅធ្វើការ និងនាំចូលធនធានមនុស្សឧស្សហកម្ម។ នៅឆ្នាំ១៩៨៨ លោកស៊ី ជីនភីង បានធ្វើជាលេខាធិការគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំក្រុង Ningde ខេត្តFujian។ លោកបានទៅត្រួតពិនិត្យការងារនៅតំបន់ក្រីក្រ ភាគខាងកើតខេត្ត Fujian និងដាក់ចេញនូវទស្សនៈអភិវឌ្ឍន៍ ដែលជួយកាត់បន្ថយភាពក្រីក្រស្តីពី «បក្សីខ្សោយហោះហើរជាមុន»។
នៅខែកក្កដាឆ្នាំ១៩៩២ សៀវភៅ «ចេញផុតពីភាពក្រីក្រ» ដែលនិពន្ធដោយលោក ស៊ី ជីនភីង ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង។ នៅក្នុងសៀវភៅ លោកស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ការចេញផុតពីភាពក្រីក្រជាដំបូង ត្រូវតែផ្លាស់ប្តូរគំនិតក្រីក្រ។ នៅពេលដែល លោក ស៊ី ជីនភីងចាកចេញក្រុង Ningde គ្រួសារក្រីក្រចំនួន៩៤ភាគរយ នៅក្នុងតំបន់នោះបានដោះស្រាយបញ្ហាខ្វះខាតសម្លៀកបំពាក់ ព្រមទាំងបានទទួលបានភាពកក់ក្តៅ និងមានស្បៀងអាហារគ្រប់គ្រាន់។
គិតតាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន ដែលមានលោកស៊ី ជីនភីង ជាប្រមុខស្នូល បានដឹកនាំប្រជាជនទូទាំងប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ លោក ស៊ី ជីនភីង បានតម្កល់ការកាត់បន្ថយភាពក្រីក្រជាធំ ក្នុងអភិបាលកិច្ចដឹកនាំរបស់លោក ហើយថែមទាំងបានលើកឡើងគំនិតនិងទស្សនៈថ្មីៗមួយចំនួន ព្រមទាំងដាក់ចេញនូវការសម្រេចចិត្ត និងការចាត់ចែងថ្មីៗ ដែលបានជំរុញបុព្វហេតុកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ទទួលបានសមិទ្ធផលដ៏ធំសម្បើម ខណៈផែនការកាត់បន្ថយភាពក្រីក្រ និងសមិទ្ធផលកាត់បន្ថយភាពក្រីក្ររបស់ចិន ត្រូវបានទទួលស្គាល់ជាទូទៅពីនៅសហគមន៍អន្តរជាតិ។
លោកស៊ី ជីនភីង ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាង៤០ឆ្នាំមកនេះ ខ្ញុំបានធ្វើការតាមស្រុក ទីក្រុង ខេត្តនៃប្រទេសចិនជាបន្តបន្ទាប់ ដោយគោលដៅកាត់បន្ថយភាពក្រីក្រ តែងតែជាផ្នែកសំខាន់បំផុតមួយនៃការងាររបស់ខ្ញុំជាប់ជានិច្ច ហើយខ្ញុំក៏បានចំណាយកម្លាំងកាយចិត្តច្រើនបំផុតផងដែរ ដើម្បីសម្រេចឲ្យបាបគោលបំណងនេះ។ ប្រសិនបើយើងមិនស្វែងយល់អំពីទីជនបទ តំបន់ក្រីក្រ និងជាពិសេសគឺមិនស្វែងយល់អំពីកសិករក្រីក្រទេនោះ ក៏យើងមិនអាចស្វែងយល់ពីប្រទេសចិនយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្វែងយល់អំពីការដឹលនាំរបស់ចិនឱ្យបានល្អផងដែរ៕