(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) នៅថ្ងៃចន្ទនេះបានអះអាងជាថ្មីឡើងវិញថា លោកនឹងទូលសុំឲ្យព្រះមហាក្សត្រ ដើម្បីរំលាយសភាជាតិ ដើម្បីរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅពេលដែលការឆ្លងរាតត្បាតជំងឺ COVID-19 បិទបញ្ចប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសុន្ទរកថាគម្រប់ខួបមួយឆ្នាំ នៃការឡើងកាន់អំណាច លោក Muhyiddin Yassin បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ននេះ អ្វីដែលរដ្ឋាភិបាលកំពុងផ្ដោតជាសំខាន់ នោះគឺការដោះស្រាយវិបត្តិសុខាភិបាល និងសេដ្ឋកិច្ចដែលបង្កឡើងដោយការឆ្លងរាតត្បាត COVID-19... ដូច្នេះនៅពេលដែលជំងឺឆ្លងនេះត្រូវបានបិទបញ្ចប់ ខ្ញុំនឹងទូលស្នើឱ្យព្រះមហាក្សត្ររំលាយសភាជាតិ»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់បន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកនឹងបន្តអនុវត្តកាតព្វកិច្ច និងភារកិច្ច ពោពេញដោយការទទួលខុសត្រូវ ហើយនៅពេលដែលការបោះឆ្នោតត្រូវបានធ្វើឡើង នោះវាគឺជាពេលដែលប្រជាជនម៉ាឡេស៊ីត្រូវសម្រេចចិត្តថា តើរដ្ឋាភិបាលរបស់លោកត្រូវបន្តកាន់តំណែង នៅអាណត្តិថ្មីទៀតដែរ ឬមួយក៏យ៉ាងណា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ ម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុប ៣០០,៧៥២ករណី ក្នុងនោះស្លាប់ ១,១៣០នាក់ និងជាសះស្បើយឡើងវិញ ២៧៣,៤១៧នាក់។ ម៉ាឡេស៊ីបានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃពុធសប្ដាហ៍មុន ដោយលោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ដែលជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech៕