(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន នៅថ្ងៃចន្ទនេះបាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូអាចនឹងផ្ដល់ឱកាស ដើម្បីបើកកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក, កូរ៉េខាងជើង និងជប៉ុន ព្រមទាំងកិច្ចចរចាអន្តរកូរ៉េឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

លោក មូន ចេអ៉ីនធ្វើការកត់សម្គាល់ខាងលើ កំឡុងចូលរួមក្នុងពិធីរំលឹកខួបលើកទី ១០២ នៃការបង្កើតចលនាទាមទារឯករាជ្យជាតិថ្ងៃទី១ ខែមីនា ដែលប្រព្រឹត្តិទៅ ក្នុងទីក្រុងសេអ៊ូល។ លោក មូន ក៏បានសង្កត់ធ្ងន់នាឱកាសនោះថា ទីក្រុងសេអ៊ូលនឹងធ្វើការជាមួយជប៉ុន ដើម្បីភាពជោគជ័យនៃ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលនឹងជួយឱ្យសេដ្ឋកិច្ចប្រទេសទាំង ២ ងើបចេញពីវិបត្តិនៃការឆ្លងរាតត្បាត COVID-19។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ គ្រោងនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក មូន ចែអ៉ីន កើតមានឡើងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងកំពុងជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០១៩កន្លងទៅ បានទទួលបរាជ័យ។ ទោះជាបែបនេះក្តី កូរ៉េខាងត្បូងនៅតែចង់ឲ្យកូរ៉េខាងជើង អង្គុយចុះចរចាគ្នាជាថ្មី ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ជាថ្នូរមកវិញនូវការដកទណ្ឌកម្ម ចេញពីប្រទេសកូរ៉េខាងជើង៕