(ឡុងដ៍)៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃអាទិត្យថា ប្រជាជនជាង ២០លាននាក់នៅទូទាំងចក្រភពអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរបស់ពួកគេរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះតំណាងឱ្យ «សមិទ្ធផលជាតិដ៏ធំមួយ» របស់យើង។ លោក Johnson បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំសូមជំរុញឱ្យអ្នកទាំងអស់គ្នា មកទទួលការចាក់វ៉ាក់សាំងនេះ នៅពេលដែលដល់វែនអ្នកទាំងអស់គ្នា ព្រោះការចាក់វ៉ាក់សាំងនេះ នឹងធ្វើឱ្យមានភាពខុសប្លែកគ្នា នៅក្នុងការប្រយុទ្ធរបស់យើងប្រឆាំងនឹងវីរុស COVID-19 ដ៏កាចសាហានេះ»។
ចក្រភពអង់គ្លេសដែលមានប្រជាជនសរុបជាង ៦៧លាននាក់ បានមើលឃើញចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 ខ្ពស់បំផុតនៅអឺរ៉ុប ដែលបច្ចុប្បន្ននេះមានអ្នកស្លាប់ចំនួន ១២២,៨៤៩នាក់ហើយ និងបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ក្នុងចំណោមបណ្ដាប្រទេសអ្នកមាននានា នៅលើពិភពលោកផងដែរ។ ទោះជាបែបនេះក្តី ការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងរបស់ខ្លួន កំពុងធ្វើឲ្យមានក្តីសង្ឃឹមចំពោះការដកចេញជាបណ្តើរៗ នៃវិធានការរឹតបន្តឹងក្នុងប្រទេស ចាប់ពីចន្លោះពេលនេះ និងចុងខែមិថុនាខាងមុខ។
បើតាមទិន្នន័យផ្លូវការ ប្រជាជនអង់គ្លេសសរុបចំនួន ២០.០៩លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូងរបស់ពួកគេរួចរាល់ហើយ ខណៈប្រជាជនអង់គ្លេសសរុបជិត ៨០០,០០០នាក់ទៀត ក៏បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី ២ របស់ពួកគេរួចរាល់ហើយដែរ។ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុន ចក្រភពអង់គ្លេសមានករណីឆ្លង COVID-19 សរុបជាង ៤,១៧៦,០០០នាក់ ក្នុងនោះស្លាប់ ១២២,៨៤៩នាក់ និងជាសះស្បើយឡើងវិញជិត ៣លាននាក់៕