(ម៉ានីល)៖ កញ្ចប់ជំនួយវ៉ាក់សាំង COVID-19 របស់ប្រទេសចិន បានទៅដល់ប្រទេសហ្វីលីពីនហើយ នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលជាវ៉ាក់សាំង ដំបូងគេបំផុតបានមកដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
ប្រធានាធិបតីហ្វីលីពីល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចូលរួមដោយផ្ទាល់ ក្នុងពិធីទទួលវ៉ាក់សាំង COVID-19 ឈ្មោះ CoronaVac អភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac ចំនួន ៦សែនដូស នៅឯអាកាសយានដ្ឋានមួយ នៃកងទ័ពជើងអាកាសហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល។
គួរបញ្ជាក់ថា ការទទួលបានវ៉ាក់សាំងចិននេះ អាចនឹងជួយសម្រួលដល់ប្រទេសហ្វីលីពីន ក្នុងការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ខណៈកំពុងប្រយុទ្ធតស៊ូទប់ស្កាត់ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនហ្វីលីពីន ១២,៣១៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៥៧៦,៣៥២នាក់៕