(បាងកក)៖ ប្រទេសថៃ នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19ហើយ ដោយគណៈរដ្ឋមន្ត្រី, មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្ថិតនៅក្នុងចំណោមអ្នកតម្រង់ជួរចាក់វ៉ាក់សាំងដូសដំបូងមុនគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ដូសដំបូងនៃវ៉ាក់សាំងអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac Biotech ត្រូវបានចាក់ជូនឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគូល (Anutin Charnvirakul) និងមនុស្សជាច្រើនទៀត នៅឯវិទ្យាស្ថានគ្រប់គ្រងជំងឺឆ្លងមួយនៅឯជាយទីក្រុងបាងកក។ នាយករដ្ឋមន្ត្រី លោក បា្រយុទ្ធ ចាន់អូចា ក៏បានចូលរួម ក្នុងព្រឹត្តិការណ៍ដែរ ប៉ុន្តែលោកមិនបានទទួលការចាក់វ៉ាក់សាំងនោះទេ ដោយសារតែមានវ័យ៦៦ឆ្នាំដែលមិនស័ក្តិសមចាក់វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ដែលមានប្រសិទ្ធភាពចំពោះអ្នកមានវ័យពី១៨ ដល់៥៩ឆ្នាំ។
គួរបញ្ជាក់ថា ថៃបានទទួលបានវ៉ាក់សាំង ២០០,០០០ដូសពីក្រុមហ៊ុន Sinovac និងនាំចូលវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ១១៧,០០០ដូស នៅក្នុងសប្ដាហ៍នេះ។ វ៉ាក់សាំង CoronaVac ត្រូវបានចែកចាយរួចរាល់ហើយទៅកាន់ខេត្តចំនួន១៣ ដែលកំពុងប្រឈមមុខខ្លាំងនឹងការឆ្លងរាតត្បាត COVID-19 ហើយវ៉ាក់សាំងចិននេះបន្ថែម ១.៨លានដូសទៀត គ្រោងនឹងមកដល់ប្រទេសថៃនៅខែមីនា និងខែមេសាខាងមុខនេះ៕