(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៤,៣២០នាក់ទៀតបានឆ្លងជំងឺ COVID-19 ដែលនេះជាតួលេខធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈ អ្នកជំងឺ ១,៥៥៤នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,២០២,៨២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥២៤,៦៦៩នាក់ និងជាសះស្បើយឡើងសរុប ១៩,៦៣២,៥២៣នាក់។
គួរបញ្ជាក់ថា ទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅយ៉ាងសកម្មក្តី បើតាមអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៉ី (Anthony Fauci) បាននិយាយថា ប្រជាជនអាមេរិកប្រហែលជាត្រូវ នៅបន្តអនុវត្តការពាក់ម៉ាស់ជាប្រចាំ រហូតដល់ឆ្នាំ២០២២ខាងមុខ ដើម្បីការពារប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19។ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថានឹងចែកចាយម៉ាសជាង ២៥លានម៉ាសដល់មណ្ឌលសុខភាព កន្លែងស្តុកស្បៀងអាហារ និងកន្លែងធ្វើម្ហូបនៅរដូវផ្ការីកនេះ ដែលជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃវីរុសកូរ៉ូណា (COVID-19)៕