(ប៉េកាំង)៖ ទីបញ្ជាការយោធាចិនភូមិភាគខាងត្បូងបានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ដើម្បីធ្វើតេស្ដសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៊ីលពីសំណាក់សត្រូវ នៅក្នុងតំបន់សមុទ្រ។ នេះបើតាមដកស្រង់ការផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថាសមយុទ្ធយោធានេះមានការចូលរួមដោយនាវាពិឃាដបំពាក់មីស៊ីល យ៉ីងឆ័ន (Yinchuan), នាវាហេងយ៉ាង (Hengyang) នាវា វូហ្ស៊ីសាន (Wuzhishan) និងនាវាឆាហ្គាន់ហ៊ូ (Chagan Hu) ជាដើម។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយនេះមិនបានបញ្ជាក់លម្អិតថាតើសមយុទ្ធយោធាបាញ់គ្រាប់ពិត ខាងលើធ្វើឡើងនៅពេលណា ឬក៏នៅទីកន្លែងណាឱ្យប្រាកដនោះទេ ខណៈទីបញ្ជាការយោធាចិនភូមិភាគខាងត្បូងត្រូវបានគេដឹងថាទទួលខុសត្រូវល្បាត និងត្រួតពិនិត្យ តំបន់ជម្លោះដែនទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង។ លើសពីនេះទៅទៀត សមយុទ្ធយោធានេះធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ថានាវាចម្បាំងអាមេរិកកំពុងបង្កើន សកម្មភាពស៊ើបការណ៍សម្ងាត់ និងល្បាតនៅក្បែរតំបន់ទីប្រជុំកោះប៉ារ៉ាសែល ចាប់តាំងពីថ្ងៃអង្គារដើមសប្ដាហ៍នេះមកម្លេះ។
គួរបញ្ជាក់ថា ភាពតានតឹងនៅតែបន្តកើនឡើងរវាងសហរដ្ឋអាមេរិក និងចិន ដោយទីក្រុងប៉េកាំងបានបង្ហាញពីការប្រឆាំងជំទាស់ជារឿយៗចំពោះសកម្មភាពរបស់នាវាចម្បាំង អាមេរិកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថាអ្វីដែលខ្លួនកំពុងធ្វើ វាជាសកម្មភាពនៃសេរីភាពនាវាចរណ៍ និងការបើកចំហ ក៏ដូចជាការប្ដេជ្ញាចិត្តមួយទៅកាន់សម្ព័ន្ធមិត្តដែលកំពុងមានជម្លោះជាមួយចិន៕