(វ៉ាស៉ីនតោន)៖ រដ្ឋសភា ឬសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យ នាថ្ងៃសៅរ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអនុម័តកញ្ចប់ថវិកាសង្គ្រោះ ដែលមានទំហំ ១.៩ទ្រីលានដុល្លារអាមេរិករបស់ប្រធានាធិបតី លោក ចូ បៃដិន ដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងរាតត្បាត COVID-19 ខណៈសេចក្តីព្រាងកញ្ចប់ថវិកានេះ ត្រូវបានបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាអាមេរិកមួយដំណាក់កាលទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងការជជែកវែកញែកដេញដោល មុនពេលបោះឆ្នោតសម្រេចលើកញ្ចប់ថវិកាខាងលើ សមាជិករដ្ឋសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានសម្តែងការជំទាស់ប្រឆាំងជាឯកច្ឆន្ទលើកញ្ចប់ថវិកាសង្គ្រោះនេះ។ ដោយឡែក គណបក្សប្រជាធិបតេយ្យ បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះវិធានការណ៍នេះដែលបង្ហាញពីភាពបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ (COVID-19) ដែលបានឆក់យកអាយុជីវិតជនជាតិអាមេរិកជាង ៥០០,០០០នាក់ និងដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងជាប់គាំង ដោយប្រជាជនអាមេរិករាប់លាននាក់នៅតែគ្មានការងារធ្វើ និងអាជីវកម្មមួយចំនួននៅតែរងគ្រោះ ដោយសារតែវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ ដែលបង្កឡើងដោយជំងឺ COVID-19 នេះ។
គួរបញ្ជាក់ថា គម្រោងបញ្ចេញកញ្ចប់ថិវកាជំនួយសង្គ្រោះបន្ទាន់នេះ រួមមានទាំងការផ្ដល់ជំនួយជាទឹកប្រាក់ដោយផ្ទាល់ ចំនួន១,៤០០ដុល្លារ ជូនដល់ពលរដ្ឋអាមេរិកម្នាក់ៗ បន្ថែមពីលើ៦០០ដុល្លារសម្រាប់ម្នាក់ នៅក្នុងកញ្ចប់ថវិកាសង្រ្គោះទំហំ៩០០ពាន់លានដុល្លារ ដែលត្រូវបាន អនុម័តកាលពីខែធ្នួ ឆ្នាំមុន។ កញ្ចប់ថវិកាសង្រ្គោះថ្មីនេះ ក៏នឹងជួយរគាំទ្រថែមទៀតដល់ កម្មវិធីផ្តល់អត្ថប្រយោជន៍សម្រាប់ អ្នកជួបបញ្ហាបាត់បង់ការងារផងដែរ។៕