(ប៉េកាំង)៖ មហាសន្និបាតទាំងពីរគឺ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំ២០២១ នឹងបើកធ្វើនៅក្រុងប៉េកាំងដោយឡែកពីគ្នា នៅថ្ងៃទី៤ និងថ្ងៃទី៥ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ពេលថ្មីៗកន្លងទៅនេះ តំបន់នានារបស់ចិនកំពុងរៀបចំធ្វើ មហាសន្និបាតទាំងពីរក្នុងតំបន់ជាបន្តបន្ទាប់ ក្នុងន័យពន្លឿនគ្រោងផែនការយុទ្ធសាស្ត្រថ្មី សម្រាប់លំនឹងសេដ្ឋកិច្ចឆ្នាំ២០២១ ដើម្បីធានាឱ្យមានកិច្ចចាត់ផ្តើមដ៏ល្អប្រសើរ ក្នុងការអនុវត្តផែនការអភិវឌ្ឍ៥ឆ្នាំទី១៤ ។

ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍ៥ឆ្នាំទី១៤ ខេត្តស្រាន់ស៊ីនឹងបង្ហាញពីការរ៉ាប់រងខាងវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងកម្មវិធីផលិតយន្តហោះធំៗ ការស្ទង់រុករកភពព្រះចន្ទនៃយានអវកាសឆាងអឺ និងការវាស់កម្ពស់កំពូលភ្នំជូមូឡាំងម៉ា។ ក្រុងធានជីននឹងគ្រោងនិងអនុវត្តផែនការប្រតិបត្តិការ រយៈពេលបីឆ្នាំក្នុងន័យកសាងទីក្រុងផលិតកម្មខ្លាំងក្លា និងអនុវត្តផែនការប្រតិបត្តិការរយៈពេលបីឆ្នាំ លើវិស័យឧស្សាហកម្មច្នៃប្រឌិត និងប្រើប្រាស់បច្ចេកទេសព័ត៌មាន។

ក្រុងប៉េកាំងបានលើកឡើងថា ត្រូវបង្កើនឋានៈជាស្នូលលើវិស័យការច្នៃប្រឌិតថ្មី ពន្លឿនកិច្ចកសាងមជ្ឈមណ្ឌលអន្តរជាតិច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកទេស ព្រមនិងកសាងទីក្រុងជាគំរូសេដ្ឋកិច្ចឌីជីថលសកល ។ ខេត្តហឺណាននឹងបន្តអនុវត្តកម្មវិធីសំខាន់ៗចំនួនប្រហែល ៨ពាន់ក្នុងវិស័យទាំង៩ដូចជា ឧស្សាហកម្ម គមនាគមន៍ និងថាមពលជាដើម ខិតខំប្រឹងប្រែងសម្រេចការវិនិយោគ ២ទ្រីលានយាន់ប្រាក់ចិនប្រចាំឆ្នាំ កសាងស្ថានីយ៍មូលដ្ឋានសេវា 5G ថ្មីចំនួន ៥ម៉ឺនកន្លែង និងពន្លឿនអនុវត្តកម្មវិធីអភិវឌ្ឍដូចជា មជ្ឈមណ្ឌលទិន្នន័យធំប្រចាំខេត្តជាដើម។
ខេត្តហ៊ូបីនឹងខិតខំប្រឹងប្រែងអនុវត្តជាក់ស្តែង នូវកម្មវិធីស្ថាបនកម្មថ្មី ដែលមានវិនិយោគទុនលើសពី ១រយលានយាន់ប្រាក់ចិនសរុបមានចំនួន ៤២៧៤គម្រោង។ រីឯខេត្តជាំងស៊ូនឹងកសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសឧស្សាហកម្មប្រកបដោយកម្លាំងឥទ្ធិពលសកល និងមូលដ្ឋានផលិតកម្មដ៏ជឿនលឿន ដែលប្រកបដោយកម្លាំងប្រកួតប្រជែងអន្តរជាតិ។

តាមរបាយការណ៍ការងារនៃរដ្ឋបាលក្នុងតំបន់ ខេត្តនិងក្រុងជាច្រើននៃប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ នូវការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ច។ ដូចជា ក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្តក្វាងតុង ក្រុងឆុងឈាង និងខេត្តសានតុងសុទ្ធតែបានកំណត់ គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ លើសពី ៦ភាគរយ ខេត្តហឺណានបានកំណត់ល្បឿនកំណើន GDP លើសពី ៧ភាគរយ ហើយខេត្តហ៊ូបី និងខេត្តហៃណានបានកំណត់ល្បឿនកំណើន GDP លើសពី ១០ភាគរយផងដែរ ។

នៅក្នុងមហាសន្និបាតទាំងពីរក្នុងតំបន់នៃប្រទេសចិន គោលលំនាំស្តីពីការអនុវត្តនយោបាយ នៃរដ្ឋបាលតំបន់នានា និងសំណើមតិយោបល់របស់តំណាងសភាតំណាងប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយ បានបង្ហាញពីញានទស្សនៈអភិវឌ្ឍ កាន់តែប្រកបដោយបែបវិទ្យាសាស្ត្រ គោលដៅអភិវឌ្ឍកាន់តែសមហេតុផល និងគំនិតអភិវឌ្ឍកាន់តែច្បាស់លាស់។ ញៀនទស្សនៈថ្មីត្រូវការប្រតិបត្តិការថ្មីនោះ ទើបអាចសម្រេចបាននូវកិច្ចចាប់ផ្តើមថ្មី។ ប្រការនេះមិនគ្រាន់តែអាចបង្ហាញឱ្យឃើញ នូវប្រាជ្ញាអភិបាលកិច្ចរបស់អ្នកកាន់អំណាចប៉ុណ្ណោះទេ ក៏ត្រូវការតំណាងសភាតំណាងប្រជាជន និងសមាជិកនៃសភាប្រឹក្សានយោបាយ ផ្តល់មតិយោបល់ផងដែរ។ ប្រទេសចិនដែលបានផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ មិនត្រឹមតែចង់សម្រេចបាន នូវការអភិវឌ្ឍរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អាចរួមចំណែក “ពុទ្ធិចិន” ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ដ៏នឹងនរផងដែរ៕