(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧២ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ៦៣ករណី ជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះរួមមាន ៣៧ករណី ត្រូវបានរកឃើញនៅក្នុងខេត្ត សាមុត សាខន (Samut Sakhon), ១៤ករណី នៅក្នុងខេត្ត ផាធុម ថានី (Pathum Thani), និង ០៥ករណីទៀត នៅក្នុងទីក្រុង បាងកក (Bangkok)។ ចំណែកឯ ០៩ករណីផ្សេងទៀត ជាករណីនាំចូលត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រឡប់មកពីបរទេសវិញ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៥,៨៨១ករណី ក្នុងនោះរួមមាន ២៣,១១៩ករណីជាករណីឆ្លងក្នុងស្រុក និង ២,៧៦២ករណីទៀតជាករណីនាំចូល។ ចំណែកឯអ្នកស្លាប់វិញមានចំនួន ៨៣នាក់ ខណៈអ្នកជាសះស្បើយវិញមានចំនួន ២៥,០២២នាក់៕