Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន «ព្រមានអ៉ីរ៉ង់ឲ្យប្រយ័ត្នខ្លួន» ​​​​(Video inside)

27-02-2021 12:03

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានព្រមានចំៗទៅលើប្រទេសអ៉ីរ៉ង់ឲ្យប្រយ័ត្នខ្លួន ព្រោះការវាយប្រហារមូលដ្ឋានក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអ៉ីរ៉ង់ក្នុងទឹកដីស៊ីរី ដោយយោធាអាមេរមិក គឺជាសារយ៉ាងច្បាស់លាស់មួយរួចទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ចូ បៃដិន បានថ្លែងចេញពីរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក យ៉ាងដូច្នេះថា «អ្នក (អ៉ីរ៉ង់) មិនអាចធ្វើអ្វីៗតាមតែចិត្ត ដោយគ្មានតបតវិញនោះឡើយ។ ចូរប្រុងប្រយ័ត្ន...»។ ការព្រមានរបស់លោក បៃដិន បែបនេះបានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយយោធាអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើមូលដ្ឋានមួយចំនួនរបស់ក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងទឹកដីប្រទេសស៊ីរី។

បើតាមមន្ទីរការពារជាតិអាមេរិកបញ្ចកោណបានអះអាងថា ការវាយប្រហារទៅលើមូលដ្ឋានក្រុមកម្មប្រយុទ្ធ នៅក្នុងទឹកដីស៊ីរីនោះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារ កាលពីពេលថ្មីៗនេះទៅលើ កងកម្លាំងសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តនៅក្នុងទឹកដីអ៉ីរ៉ាក់។ ប្រទេសអ៉ីរ៉ង់ក៏បានចេញមុខថ្កោលទោស ការវាយប្រហារខាងលើនេះដែរ និងបានអះអាងថា ជនស៊ីវិលរហូតដល់ទៅ ២២នាក់ឯណោះបានបាត់បង់ជីវិត៕