(ញូដេលី)៖ ឥណ្ឌានិងចិនបានព្រមព្រៀងគ្នារៀបចំ បង្កើតប្រព័ន្ធខ្សែទូរស័ព្ទបន្ទាន់មួយ រវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ បន្ទាប់ពីបញ្ហាជម្លោះព្រំដែននៅតំបន់ជួរភ្នំហិមាល័យ ហាក់បានអន់ថយកម្តៅទៅវិញជាបណ្តើរៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងការបរទេសឥណ្ឌានៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ការសម្រេចចិត្តបង្កើតប្រព័ន្ធខ្សែទូរស័ព្ទបន្ទាន់មួយ ត្រូវបានព្រមព្រៀងគ្នាកំឡុងកិច្ចសន្ទនាតាមទូរស័ព្ទយ៉ាងយូរមួយ រវាងរដ្ឋមន្រ្តីការបរទេសឥណ្ឌា និងរដ្ឋមន្រ្តីការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមកិច្ចប្រឹងប្រែងបន្ធូរបន្ថយស្ថានការណ៍ព្រំដែន រវាងប្រទេសមហាអំណាចជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃដូចគ្នា។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ឥណ្ឌានិងចិនបានប្រកាសពីការដកកម្លាំងទ័ពរៀងៗខ្លួន ចេញពីតំបន់បឹងមួយនៅតំបន់ Ladakh ប៉ែកខាងលិចនៃតំបន់ហិម៉ាល័យ ជាទីដែលកងទ័ពរាប់ពាន់នាក់របស់ប្រទេសទាំងពីរ ដោយម្ខាងៗមានគាំទ្រដោយរថក្រោះ និងកាំភ្លើងធំ បានប្រឈមមុខដាក់គ្នាតាំងតែពីឆ្នាំមុនមក។

គួរបញ្ជាក់ថា ការប្រឈមមុខគ្នានេះ បានចាប់ផ្តើមដំបូងកាលពីខែមេសា ឆ្នាំ២០២០ នៅពេលខាងឥណ្ឌាបានចោទថា កងទ័ពចិនឆ្លងចូលជ្រៅមកកាន់ដីរបស់ខ្លួន ខណៈខាងចិនបានអះអាងវិញថា កងទ័ពខ្លួនធ្វើប្រតិបត្តិការនៅក្នុងទឹកដីរបស់ចិន និងចោទកងទ័ពឥណ្ឌាវិញថា បានធ្វើសកម្មភាពបង្កហេតុមុន។ នៅខែមិថុនា ឆ្នាំដដែល កងទ័ពប្រទេសទាំងពីរបានប៉ះទង្គិចគ្នានៅជ្រលង Galwan នៃតំបន់ Ladakh ដោយខាងឥណ្ឌាស្លាប់២០នាក់ និងចិនស្លាប់៤នាក់៕