(ម៉ូស្គូ)៖ យន្តហោះដឹកទំនិញមួយគ្រឿងប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ រ៉ូស្ស៊ីយ៉ា (Rossiya Airlines) បានធ្វើការចុះចតយ៉ាងបន្ទាន់នៅអាកាសយានដ្ឋាន ហ្សេរ៉េមិតយ៉េវ៉ូ (Sheremetyevo) នៃទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីនៅថ្ងៃសុក្រនេះ ក្រោយជួបប្រទះបញ្ហាលើ ប្រព័ន្ធគ្រប់គ្រងការផ្តល់សញ្ញា (Sensor) នៅផ្នែកម៉ាស៊ីនរបស់យន្តហោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
យន្តហោះខាងលើនេះមានអាយុកាល ១៥ឆ្នាំហើយ និងមានលេខសម្គាល់ 777-300ER។ យោងតាមវែបសាយ FlightRadar24 យន្តហោះ Boeing ដែលមានបញ្ហាមួយគ្រឿងនេះ គឺប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនរបស់ក្រុមហ៊ុន General Electric ដែលខុសពីម៉ាស៊ីន Pratt & Whitney PW4000 របស់យន្តហោះប្រភេទ Boeing 777 របស់អាកាសចរណ៍អាមេរិក United Airlines ដែលបានឆាបឆេះកាលពីសប្តាហ៍មុន។
ជុំវិញបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន Reuters បានទាក់ទងទៅសួរក្រុមហ៊ុន General Electric ប៉ុន្តែមិនទាន់មានការឆ្លើយតបឡើយ។ អាកាសចរណ៍រុស្ស៊ីខាងលើ ដែលបានប្រើប្រាស់យន្តហោះ Boeing 777-300ER បំពាក់ដោយម៉ាស៊ីនប្រភេទ GE90-115B របស់ក្រុមហ៊ុន General Electric ខាងលើនេះ មិនទាន់មានការសម្រេចចិត្តថា តើខ្លួននឹងត្រូវផ្អាកដំណើរការយន្តហោះប្រភេទនេះ ជាបណ្តោះអាសន្នដែរ ឬមួយក៏យ៉ាងណានោះឡើយ។
គួរបញ្ជាក់ថា យន្តហោះ Boeing 777 នៃអាកាសចរណ៍រុស្ស៊ី Rossiya Airlines ដែលមានជើងហោះហើរ Flight 4520 មានគោលដៅពីទីក្រុងហុងកុង ទៅទីក្រុងម៉ាឌ្រីត (Madrid) បានចុះចតយ៉ាងបន្ទាន់នៅទីក្រុងម៉ូស្គូ កាលពីវេលាម៉ោង ៤៖៤៤នាទីព្រឹកព្រហាមថ្ងៃសុក្រនេះ (ម៉ោងនៅម៉ូស្គូ)៕