(រ៉ង់ហ្គូន)៖ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនអ្នកកាសែតជប៉ុនម្នាក់ នៅក្នុងទីក្រុងរ៉ង់ហ្គូន ហើយនេះគឺជាការចាប់ខ្លួនអ្នកសារព័ត៌មានលើកដំបូងហើយ គិតចាប់តាំងពីរដ្ឋប្រហារកើតឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
អ្នកកាសែតជប៉ុន ដែលត្រូវបានចាប់ឃុំខ្លួនខាងលើនេះមានឈ្មោះថា យូគិ គីតាហ្ស៊ូមិ (Yuki Kitazumi) គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន និងបណ្តាញផ្សព្វផ្សាយមួយ ហើយក៏ធ្លាប់ជាអ្នកកាសែតរបស់សារព័ត៌មានជប៉ុន នីកកិ (Nikkei) ផងដែរ។ បើតាមគណនី Facebook របស់លោក Kitazumi ផ្ទាល់ លោកត្រូវបានប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួន កាលពីព្រឹកថ្ងៃសុក្រនេះ។
មិត្តមួយរួមការងារម្នាក់របស់លោក Kitazumi បានបង្ហោះសារលើ Facebook ថា អ្នកកាសែតជប៉ុនរូបនេះត្រូវបានគេវាយចំក្បាល ប៉ុន្តែលោកមានពាក់មួកសុវត្ថិភាព ដូច្នេះលោកទំនងជាមិនមានរបួសអ្វីទេ។ មិត្តរួមការងាររបស់លោក Kitazumi បានជូនដំណឹងនេះ ទៅកាន់ស្ថានទូតជប៉ុនរួចហើយ។
គួរបញ្ជាក់ថា ប៉ូលិសមីយ៉ាន់ម៉ាមិនបានធ្វើការឆ្លើយតបឡើយ នៅពេលសារព័ត៌មានបរទេស ទាក់ទងទៅសុំការបំភ្លឺ។ ជុំវិញបញ្ហានេះ ប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីជប៉ុន លោក កាត់ស៊ូណុប៊ុ កាតូ (Katsunobu Kato) នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃសុក្រនេះ បានអះអាងថា ភាគីជប៉ុនកំពុងស្វែងរកការពិត ជុំវិញករណីចាប់ខ្លួន អ្នកកាសែតខាងលើនេះនៅឡើយ៕