(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ខ្សែភាពយន្តមួយមានចំណងជើងថា «មនោសញ្ចេតនាចំពោះស្រុកកំណើត» ដែលជាភាពយន្តទូរទស្សន៍អបអរទទួលខួប១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន បានចាក់ផ្សាយតាមបណ្តាស្ថានីយទូរទស្សន៍ នៅក្នុងប្រទេសចិន ហើយទទួលបានប្រជាប្រិយភាពពីសំណាក់ប្រជាជនចិន។
ភាពយន្តនេះ បានបង្ហាញពីរឿងរ៉ាវស្តីពីតំបន់ភាគខាងកើត និងខាងលិចនៃប្រទេសចិន រួមសហការគ្នាដើម្បីខំប្រឹងលុបបំបាត់ភាពក្រីក្រ។ តួឯកប្រុសឈ្មោះ Ma Defu បានបង្ហាញឱ្យឃើញនូវកម្មាភិបាលជួយឧបត្ថម្ភភាពក្រីក្រ ដែលឧស្សាហ៍ព្យាយាមបំពេញការងារ ខណៈការផ្លាស់ប្តូរមុខមាត់របស់ភូមិ Yongquan ក៏បានបង្ហាញពីការអភិវឌ្ឍយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសចិន។
ស្របពេលឈានចូលដល់ឆ្នាំ២០២១នេះ ប្រទេសចិនសម្រេចបាននូវភារកិច្ចយកឈ្នះលើឧបសគ្គនានា នៃការលុបបំបាត់ភាពក្រីក្រ ដោយប្រជាជនក្រីក្រជិត ១០០លាននាក់បានបម្រះខ្លួនចេញពីភាពក្រីក្រ ហើយបានសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ដែលស្ថិតក្នុងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ មុនពេលកំណត់១០ឆ្នាំថែមទៀតផង ដែលជោគជ័យនេះបានបង្កើត «អច្ឆរិយភាពរបស់ចិន» ក្នុងភារកិច្ចយកឈ្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ ។
ដើម្បីសម្រេចភារកិច្ចយកឈ្នះលើឧបសគ្គដ៏លំបាកនៃការលុបបំបាត់ភាពក្រីក្រ តើប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងណាខ្លះ? សូមក្រឡេកមើលតួលេខដូចតទៅនឹងដឹងច្បាស់ជាក់ជាមិនខាន៖ នៅឆ្នាំ២០២០ ជនក្រីក្រចំនួនជិត៩៩លាននាក់ នៅតាមជនបទ បានចេញផុតពីភាពក្រីក្រទាំងអស់។ ស្រុកក្រីក្រចំនួន៨៣២ស្រុក សុទ្ធតែត្រូវបានលុបបំបាត់ភាពក្រីក្រ ហើយភូមិក្រីក្រចំនួន១២៨,០០០ ត្រូវបានលុបបំបាត់ភាពក្រីក្រទាំងអស់។
ចំណែកប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនក្រីក្រ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើងដល់១០,៧៤០ប្រាក់យាន់ចិន។ សាលារៀនអប់រំជាកាតព្វកិច្ចនៅតំបន់ក្រីក្រ ដែលមានលក្ខណៈសម្បតិ្តមិនសូវល្អចំនួន១០៨,០០០ខ្នង ត្រូវបានជួសជុលនិងកែលម្អ ហើយអត្រារួមចំណែកក្នុងភារកិច្ចកាត់បន្ថយភាពក្រីក្រជាសកល បានលើសពី៧០ភាគរយ។ល។
ដោយឡែក «យុទ្ធសាស្រ្តចំគោលដៅ» គឺជាពុទ្ធិចិនក្នុងការងារកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ ខណៈភាពក្រីក្រមានសភាពការណ៍គ្រប់បែបយ៉ាង ឧបសគ្គក៏មានគ្រប់ផ្នែកផងដែរ។ នៅតំបន់ជនជាតិភាគតិច តំបន់បដិវត្តន៍ចាស់ តំបន់ដាច់ស្រយាល និងតំបន់ក្រីក្រពិសេស កត្តាដែលបណ្តាលឱ្យកើតមានភាពក្រីក្រគឺខុសៗគ្នា ហើយវិធីសាស្ត្រសម្រាប់កាត់បន្ថយភាពក្រីក្រក៏ប្លែកពីគ្នាផងដែរ។ ដូច្នេះ មុនដំបូងត្រូវធ្វើការងាសិក្សាស្រាវជ្រាវសិន បន្ទាប់មកអនុវត្តគោលនយោបាយឲ្យចំគោលដៅចំពោះតំបន់ខុសៗគ្នា និងក្រុមមនុស្សខុសៗគ្នា ទើបអាចជួយឧបត្ថម្ភភាពក្រីក្រប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវបាន។
«ស្មារតីឧស្សាហ៍ព្យាយាមនិងភាពអំណត់តស៊ូ» ជាកម្លាំងចិនក្នុងរឿងអច្ឆរិយនៃការលុបបំបាត់ភាពក្រីក្រ។ នៅលើផ្លូវជួយឧបត្ថម្ភភាពក្រីក្រ មានលេខាធិការនៃគណៈកម្មាធិការបក្សប្រចាំភូមិ ដែលដឹកនាំអ្នកភូមិកាត់ផ្លូវ នៅលើច្រាំងថ្មចោទអស់រយៈពេល៧ឆ្នាំ, មាននាយក-នាយិកាសាលារៀនដែលបានបំពេញការងារនៅតំបន់ភ្នំអស់មួយជីវិត និងនាំមកនូវក្តីសង្ឃឹមដល់កុមារ-កុមារីក្នុងតំបន់ភ្នំ ហើយក៏មាននិស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចូលរួមការងារលុបបំបាត់ភាពក្រីក្រ ព្រមទាំងអ្នកជំនាញបច្ចេកវិទ្យាកសិកម្ម ដែលខិតខំប្រឹងប្រែងបម្រើការងារក្នុងឧស្សាហកម្មជួយឧបត្ថម្ភភាពក្រីក្រផងដែរ និយាយរួមទៅជនជាតិចិនគ្រប់រូបសុទ្ធតែអស្ចារ្យ។
«ការជួយគ្នាទៅវិញទៅមក» ជាចរិតលក្ខណៈចិន ក្នុងរឿងអច្ឆរិយនៃការលុបបំបាត់ភាពក្រីក្រ។ នៅលើផ្លូវកសាងសង្គម ដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ មិនអាចលះបង់ចោលអ្នកណាម្នាក់បានទេ ដោយការយកជ័យជម្នះលើយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ និងសម្រេចបាននូវភាពសម្បូរសប្បាយជាមួយគ្នា ជាបុព្វហេតុដ៏មហិមារបស់ប្រជាជាតិចិន ហើយក៏ជាភាពអស្ចារ្យរបស់ឧត្តមភាពនៃរបបសង្គមនិយមផងដែរ ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ រដ្ឋបាលជាតិអភិវឌ្ឍន៍ជនបទចិន បានបើកស្លាកជាផ្លូវការ ដែលប្រការនេះមិនត្រឹមតែជាសញ្ញាកត់សម្គាល់ពី ភាពជោគជ័យដោយគ្រប់ជ្រុងជ្រោយ នៃការយកជម្នះលើយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាកិច្ចចាប់ផ្តើមនៃការស្តារវិបុលភាពជនបទដោយគ្រប់ជ្រុងជ្រោយ និងធ្វើការតស៊ូថ្មី ដើម្បីឆ្ពោះទៅកាន់ជីវភាពរស់នៅកាន់តែល្អបវរផងដែរ។
ដោយឡែក ការចៀសវាងកុំឱ្យត្រឡប់ទៅរកភាពក្រីក្រឡើងវិញ ទើបជាការលុបបំបាត់ភាពក្រីក្រពិតប្រាកដ។ ដូច្នេះហើយជឿជាក់ថា បន្ទាប់ពីទទួលបានជោគជ័យក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ ប្រជាជនចិនពិតជានឹងបន្តដើរតាមផ្លូវស្តារវិបុលភាពជនបទឱ្យបានល្អជាបន្តបន្ទាប់ ដើម្បីបើកទំព័រយុគសម័យថ្មីដែលមានភាពកាន់តែត្រចះត្រចង់៕