(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសកម្ទេចមូលដ្ឋានជាច្រើន កន្លែងរបស់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ នៅឯភាគខាងកើតប្រទេសស៊ីរី ហើយនេះជាសកម្មភាពយោធាដំបូងបំផុតរបស់លោក បៃដិនចាប់តាំងពី លោកឡើង កាន់តំណែងជាប្រធានាធិបតីអាមេរិកមក។

បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី (John Kirby) ការវាយប្រហារតាមផ្លូវអាកាសខាងលើបានកម្ទេចមូលដ្ឋានជាច្រើននៅតាមបណ្ដោយព្រំដែនស៊ីរី ដែលត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ក្នុងនោះរួមមានដូចជាក្រុមសកម្មប្រយុទ្ធកាតាអ៉ីប ហេសបូលឡាហ៍ (Kata’ib Hezbollah ឬ KH) និង កាតាអ៉ីប សាយយីដ អាល់ ស៊ូហាដា (Kata’ib Sayyid al-Shuhada ឬ KSS) ដើម្បីដឹកជញ្ជូនអាវុធចូលទៅកាន់ប្រទេសអ៉ីរ៉ាក់។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ ទៀតថា ការវាយប្រហារនេះក៏ជាការសងសឹកមួយផងដែរទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃទី១៥ ខែកុម្ភៈប្រឆាំងនឹងក្រុមចម្រុះអន្តរជាតិ នៅក្នុងប្រទេសអ៉ឺរ៉ាក់ ដែលបានផ្ដាច់ជីវិតមន្ត្រីម៉ៅការម្នាក់នៃក្រុមចម្រុះ ព្រមទាំងបង្កឱ្យយោធាអាមេរិកជាច្រើននាក់រងរបួស។

ក៏ប៉ុន្តែគួរឱ្យកត់សម្គាល់ សារព័ត៌មានអាមេរិក Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកបានរាយការណ៍ថាលោក ចូ បៃដិន បានជ្រើសរើស យកជម្រើសវាយប្រហារខ្នាតមធ្យម ពោលគឺការវាយប្រហារនេះត្រូវបានកំណត់ជាមុននៃទំហំខូចខាត ដោយមិនចង់ឱ្យផ្ទុះទៅជាជម្លោះធំណាមួយ ខណៈរដ្ឋបាលរបស់ លោក និងអ៉ីរ៉ង់កំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណាក្នុងការត្រលប់ចូលទៅកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ។ ក្រុមអ្នកជំនាញមួយចំនួន បានសាទរការសម្រេចចិត្តរបស់លោក បៃដិន ដោយពួកគេយល់ថាវាជា «ជម្រើសដ៏ឆ្លាតវៃ» នោះគឺ«ព្រួញមួយបាញ់យកសត្វដល់ទៅ២ក្នុងពេលតែមួយ»។ ម្យ៉ាងមិនធ្វើឱ្យ រដ្ឋាភិបាលអ៉ីរ៉ាក់ដែលជាសម្ព័ន្ធមិត្តអាមេរិកខឹងសម្បារ ហើយម្យ៉ាងទៀតវាទុកផ្លូវមួយបង្ខំឱ្យអ៉ីរ៉ង់ត្រលប់មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

*ផ្ញើសារឱ្យអ៉ីរ៉ង់

ការចេញបញ្ជាដោយផ្ទាល់របស់លោក ចូ បៃដិនឱ្យយោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសកម្ទេចមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរីកើតមានឡើងនៅចំពេលទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមចូលរួមកិច្ចចរចាក្រៅផ្លូវការជាមួយអ៉ីរ៉ង់ ជុំវិញការត្រលប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ឡើងវិញ។ ក៏ប៉ុន្តែទីក្រុងតេហេរ៉ង់បែរជានិយាយថាខ្លួនកំពុងពិចារណាលើសំណើនេះទៅវិញ។

លោក Phillip Smyth ជាអ្នកជំនាញម្នាក់ស្ដីពីក្រុមនិកាយស៊ីអ៉ីតមកពីវិទ្យាស្ថានវ៉ាស៊ីនតោន (Washington Institute) បាននិយាយថាការសម្រេចចិត្តរបស់លោក បៃដិន នឹងក្លាយជាការដាក់សម្ពាធបង្ខំឱ្យអ៉ីរ៉ង់ត្រលប់មករកតុចរចាវិញ ហើយលោកក៏ចង់ផ្ញើសារក្រើនរំលឹកទីក្រុងតេហេរ៉ង់ផងដែរថារដ្ឋបាលអាមេរិកថ្មីត្រៀមខ្លួនជានិច្ចដើម្បី ការពារយោធាអាមេរិក និងសម្ព័ន្ធមិត្តដោយនឹងមិនរារែកឡើយក្នុងការបើកការវាយប្រហារកម្ទេចមូលដ្ឋានក្រុមសកម្មប្រយុទ្ធស៊ីអ៉ីត នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះ នៅក្នុងបរិបទកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែទណ្ឌកម្មអាមេរិក ជម្លោះយោធាបន្ថែម ឬការបន្តស្ថិតនៅក្រៅកិច្ចព្រមព្រៀងមិនមែនជាជម្រើសល្អសម្រាប់ អ៉ីរ៉ង់នោះទេ។

*បន្សាបគំនិតស្អប់អាមេរិកនៅអ៉ីរ៉ាក់

នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តបានរងការវាយប្រហារជាច្រើនលើកនៅក្នុងប្រទេសអ៉ីរ៉ាក់។ លោក ត្រាំ តែងតែចោទជារឿយៗថាអ៉ីរ៉ង់ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារទាំងនោះ ហើយបានបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារសងសឹកលើមូលដ្ឋានជាច្រើន របស់ក្រុមសកម្មយុទ្ធស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងការវាយប្រហារតាមផ្លូវអាកាសដែលបានផ្ដាច់មេជីវពលស៊ីអ៉ីត និងមេទ័ពកំពូលអ៉ីរ៉ង់ លោក កសឹម សូឡៃម៉ានី នៅលើទឹកដីអ៉ីរ៉ាក់កាលពីដើមខែមករា ឆ្នាំ២០២០ ដែលថ្នាក់ដឹកនាំអ៉ីរ៉ាក់ចោទថានេះជាទង្វើបំពានអធិបតេយ្យភាពធ្ងន់ធ្ងរ។

ប្រតិបត្តិការយោធារបស់លោក ត្រាំ បានបង្កការខឹងសម្បារយ៉ាងខ្លាំងដល់ប្រជាជនអ៉ីរ៉ាក់ រហូតដល់មានការសម្រុកចូលដុតបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ខណៈគំនិតស្អប់ខ្ពើម និងការអំពាវនាវឱ្យបណ្ដេញកងទ័ពអាមេរិកចេញពីអ៉ីរ៉ាក់ ក៏មានសន្ទុះខ្លាំងដែរនៅពេលនោះ។ អតីតជំនួយការរងរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួល បន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Mick Mulroy បានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់លោក បៃដិនបញ្ជាឱ្យយោធាអាមេរិកបើកវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ជាជាង នៅអ៉ីរ៉ាក់ អាចបញ្ចៀសការខឹងសម្បាររបស់រដ្ឋាភិបាលអ៉ីរ៉ាក់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុម ISIS ហើយវាក៏អាចកាត់បន្ថយ ឬបន្សាបគំនិតស្អប់ និងប្រឆាំងវត្តមានកងទ័ពអាមេរិកនៅអ៉ីរ៉ាក់ បានខ្លះៗផងដែរ។

គួរបញ្ជាក់ថា បើតាមសេតវិមាន មួយថ្ងៃមុននឹងការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី លោក ចូ បៃដិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោកមូស្ដាហ្វា អាល់-កាឌីមី (Mustafa Al-Kadhimi) ដើម្បីពិភាក្សាគ្នាពីការវាយប្រហារដោយគ្រាប់រ៉ុកក្កែតប្រឆាំងកងទ័ពអាមេរិក ដោយអ្នកទាំង២ថែមទាំងឯកភាពគ្នាទៀតផងថានឹងឱ្យអ្នកដែលនៅពីក្រោយការវាយប្រហារនេះទទួលខុសត្រូវទាំងស្រុង៕

ប្រភព៖ Vox (ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១)