(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានប្រកាសថា រដ្ឋាបាលលោកកំពុងគ្រោងចេញយុទ្ធនាការទ្រង់ទ្រាយធំមួយ សំដៅផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋអាមេរិក អំពីវ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោកប្រធានាធិបតីអាមេរិកបាននិយាយដូច្នេះថា «យើងនឹងដាក់ចេញយុទ្ធនាការក្នុងទ្រង់ទ្រាយធំមួយ ដើម្បីអប់រំប្រជាជនអំពីវ៉ាក់សាំង COVID-19 ដោយចង់ប្រាប់ក៏ដូចជាធានាអះអាងចំពោះពួកគេថា វ៉ាក់សាំងទាំងនេះគឺមានសុត្ថិភាពនិងប្រសិទ្ធភាព។ ពួកយើងនឹងអញ្ជើញថ្នាក់ដឹកនាំ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់នៃសង្គមយើង ដើម្បីណែនាំនិងលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិកទាំងអស់ ទទួលការចាក់វ៉ាក់សាំងដោយភាពជឿជាក់»។
លោក បៃដិន បានផ្តោតអាទិភាពជាសំខាន់ទៅលើការជំរុញឲ្យ ប្រជាជនអាមេរិករាប់រយលាននាក់ ត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19 ស្របពេលដែលរដ្ឋបាលលោកកំពុងតែព្យាយាមគ្រប់គ្រង ការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ដែលបានផ្តាច់ជីវិតមនុស្សច្រើនជាង៥សែននាក់ហើយ នៅក្នុងសហរដ្ឋអាមេរិក។
ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា (COVID-19) ប្រមាណ ៦៨,២៧៤,១១៧ដូស ជូនដល់ប្រជាជនរបស់ខ្លួន នៅក្នុងចំណោមវ៉ាក់សាំងសរុបប្រមាណ ៩១.៦៧លានដូស ដែលត្រូវបានចែកចាយទៅកាន់បណ្ដារដ្ឋទាំង៥០។
គួរបញ្ជាក់ថា ខណៈបច្ចុប្បន្នតម្រូវការវ៉ាក់សាំងហាក់ស្ថិតនៅកម្រិតខ្ពស់ អាជ្ញាធរអាមេរិកបារម្ភថា ក្តីបារម្ភក៏ដូចជាមន្ទិលសង្ស័យផ្សេងៗ ជុំវិញវ៉ាក់សាំង COVID-19 អាចនឹងបង្កភាពរាំងស្ទះនាពេលខាងមុខ ដល់កិច្ចប្រឹងប្រែងជំរុញប្រជាជនអាមេរិក ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន៕