(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca សម្រាប់ដូសដំបូង នៅថ្ងៃអាទិត្យនេះ ខណៈឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នឹងទទួលការចាក់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត សុផុន មេកថុន (Sopon Mekthon) ដែលជាប្រធានអនុគណៈកម្មាធិការ នៃរដ្ឋាភិបាលថៃទទួលបន្ទុកផ្នែកគ្រប់គ្រង វ៉ាក់សាំងបង្ការ COVID-19 បានគូសបញ្ជាក់ថា លោក Prayut និងលោក Anutin ត្រូវបានគ្រោងថា នឹងចាក់វ៉ាក់សាំងបង្ការ COVID-19 នៅឯវិទ្យាស្ថានបង្ការជំងឺឆ្លង ផាមរ៉ាស្នារ៉ាឌូរ៉ា (Bamrasnaradura) នៅថ្ងៃអាទិត្យ បន្ទាប់ពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្ត បានអនុម័តលើការចេញវិញ្ញាបនប័ត្រ បញ្ជាក់ពីប្រសិទ្ធភាពវ៉ាក់សាំងនេះ។
លោកវេជ្ជបណ្ឌិត Sopon បានគូសបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ក្រុមអាទិភាពផ្សេងៗទៀត ដែលស្ថិតនៅក្នុងបណ្ដាខេត្តគោលដៅមួយចំនួន នឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ ឲ្យលោក Prayut នឹងទទួលការចាក់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន AstraZeneca ខណៈលោក Anutin និងអនុរដ្ឋមន្រ្តីសុខាភិបាលថៃ លោក សាធីត ពិទូធេចា (Sathit Pitutecha) នឹងទទួលការចាក់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Sinovac៕