(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ជាយោធាអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានជាច្រើនកន្លែង របស់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ នេះបើតាមប្រភពពីមន្ទីរបញ្ចកោណ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី (John Kirby) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានបទបញ្ជាពីលោកប្រធានាធិបតី ចូ បៃដិន យោធាអាមេរិកនៅល្ងាចថ្ងៃព្រហស្បតិ៍មុននេះបន្តិច បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ដែលត្រូវបានប្រើប្រាស់ដោយ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅឯភាគខាងកើតប្រទេសស៊ីរី»។

លោក John Kirby បានបង្កត់ធ្ងន់បន្ថែមទៀតថា លោក ចូ បៃដិន នឹងបន្តធ្វើសកម្មភាពនានា ដើម្បីការពារយោធាអាមេរិក និងក្រុមកម្លាំងចម្រុះអន្តរជាតិ។

គួរបញ្ជាក់ថា បើតាមលោក John Kirby ការវាយប្រហារតាមផ្លូវការអាកាសខាងលើ បានកម្ទេចមូលដ្ឋានជាច្រើននៅតាមបណ្ដោយព្រំដែន ដែលត្រូវបានប្រើប្រាស់ដោយ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ក្នុងនោះរួមមានដូចជាក្រុមសកម្មប្រយុទ្ធ កាតាអ៉ីប ហេសបូលឡាហ៍ (Kata’ib Hezbollah ឬ KH) និង កាតាអ៉ីប សាយយីដ អាល់ ស៊ូហាដា (Kata’ib Sayyid al-Shuhada ឬ KSS) ជាដើម។ ការវាយប្រហារនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការវាយប្រហាដោយគ្រាប់រ៉ុក្កែត ប្រឆាំងនឹងយោធាអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

មិនទាន់មានការបញ្ជាក់ណាមួយ អំពីទំហំនៃការបំផ្លិចបំផ្លាញ ឬអ្នកស្លាប់ និងរបួសនៅឡើយទេ ប៉ុន្តែការវាយប្រហារតាមផ្លូវអាកាសខាងលើ ហាក់ដូចជាបានកំណត់ជាមុននៃទំហំខូចខាត ដោយមិនចង់ឱ្យវាផ្ទុះទៅជាជម្លោះធំណាមួយ ខណៈរដ្ឋបាលលោក ចូ បៃដិន និងអ៉ីរ៉ង់កំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណា ក្នុងការត្រលប់ចូលទៅកាន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ៕