(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប្រទេសចិនមិនដែលស្នើសុំឲ្យអ្នកការទូតអាមេរិកនៅប្រទេសចិន ធ្វើតេស្តរកវីរុសកូរ៉ូណាតាមរន្ធគូថនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទកាសែតប្រចាំថ្ងៃមួយ ដោយបានបដិសេធចំពោះការផ្សាយព័ត៌មានរបស់កាសែតអាមេរិកមួយដែលបានអះអាងថា អ្នកការទូតសហរដ្ឋអាមេរិកមួយចំនួនបានត្អូញត្អែរអំពីការធ្វើតេស្តរកជំងឺ COVID-19 តាមរន្ធគូថដោយអាជ្ញាធរចិន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្លួនកំពុងតែវាយតម្លៃលើជម្រើសទាំងអស់ដែលសមហេតុផល ដើម្បីដោះស្រាយបញ្ហានេះ ក្នុងគោលបំណងរក្សាភាពសេចក្តីថ្លៃថ្នូររបស់មន្រ្តីសហរដ្ឋអាមេរិកនៅប្រទេសចិន៕