(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា មានប្រទេសជាច្រើនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិន ហើយប្រទេសចិននឹងបន្តលើកកម្ពស់ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌នៅទូទំាងសកលលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសន្និសីទកាសែតលោក Zhao បាននិយាយថា ប្រទេសចិនបានដាក់តម្កល់នូវសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងជាចម្បង ហើយបានធ្វើការឲ្យប្រាកដថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា ត្រូវធ្វើការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងដោយគោរពតាមបទបញ្ញត្តិនៃវិទ្យាសាស្ត្រសុខាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានបន្ថែមថា ប្រទេសចិនប្តេជ្ញាថា នឹងធ្វើឲ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាទំនិញសាធារណៈសកល។ ប្រទេសចិនបានផ្តល់ឬកំពុងផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសចំនួន ៥៣ប្រទេសនៅទូទាំងពិភពលោក ខណៈសហគ្រាសចិនបាននិងកំពុងនាំចេញវ៉ាក់សាំងទៅប្រទេសចំនួន២៧ប្រទេស។
លោក Zhao បានមានប្រសាសន៍យ៉ាងដូច្នេះថា«យើងនឹងបន្តធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីលើកកម្ពស់ការចែកចាយវ៉ាក់សាំង ប្រកបដោយសមធម៌ និងរួមដៃគ្នាជាមួយប្រទេសទាំងអស់ ដើម្បីជៀសផុតពីជំងឺរាតត្បាតសកលមួយនេះ»។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា ប្រទេសម៉ុងហ្គោលី អេហ្ស៊ីប ថៃ សិង្ហបុរី សាធារណរដ្ឋដូមីនីក និងប្រទេសបូលីវី គឺជាក្រុមប្រទេសចុងក្រោយបង្អស់ ដែលបានទទួលជំនួយវ៉ាក់សាំងពីចិន៕