(ឡាប៉ាស់)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm បានទៅដល់ប្រទេសបូលីវីហើយ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈប្រទេសក្នុងតំបន់ អាមេរិកឡាទីនមួយនេះកំពុងត្រៀមចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីទទួលវ៉ាក់សាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Viru Viru លោកប្រធានាធិបតីបូលីវី ល្វីស អាសេ (Luis Arce) បានលើកឡើង ដូច្នេះថា៖ «បូលីវីមានវ៉ាក់សាំងហើយ។ យើងមានដំណោះស្រាយ...ហើយយើងនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនយើងគ្រប់ៗរូប»។ លោក អាសេ ក៏បានប្រកាសដែរថាយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយផ្ដោតជាអាទិភាពលើមនុស្សវ័យ ចំណាស់ និងអ្នកមានសុខភាពទន់ខ្សោយ»។ ប៉ុន្តែ លោកមិនបានបញ្ជាក់ថាតើវ៉ាក់សាំងមានចំនួនប៉ុន្មានដូសនោះទេ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន បូលីវីមានអ្នកឆ្លង COVID-19 ចំនួន២៤៥,៧១៩នាក់ ក្នុងនោះស្លាប់ ១១,៥៤៧នាក់ និងជាសះស្បើយឡើងវិញ ១៨៩,៨៣២នាក់៕