(បរទេស)៖ ពោរពេញទៅដោយភាពមិនស៊ីសង្វាក់គ្នា និងភាពច្របូកច្របល់, នេះគឺជាការវាយតម្លៃត្រឹមត្រូវរបស់មជ្ឈដ្ឋានខាងក្រៅ ចំពោះគោលនយោបាយចំពោះប្រទេសចិន របស់រដ្ឋាភិបាលលោក ចូ បៃដិន។ វាច្បាស់លាស់ណាស់ មួយផែ្នកលោក ចូ បៃដិន រំពឹងទុកនឹងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយពឹងផែ្អកទៅលើកម្លាំងចលករខាងសេដ្ឋកិច្ចដ៏រឹងមាំ និងបទពិសោធន៍ដ៏ជោគជ័យចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺឆ្លងរបស់ប្រទេសចិន ដើម្បីជួយសហរដ្ឋអាមេរិកឱ្យចេញផុតពីភាពលំបាក ដែលប្រឈមនឹងវិបត្តិជាច្រើនដូចជា ការរីករាលដាលនៃជំងឺឆ្លងមិនអាចគ្រប់គ្រងបាន និងភាពថមថយចុះនៃសេដ្ឋកិច្ចជាដើម មួយផែ្នកទៀត ដោយសាររងសម្ពាធនយោបាយក្នុងស្រុក លោក ចូ បៃដិន នឹងបន្តអនុវត្តគោលនយោបាយចំពោះប្រទេសចិន ដ៏រឹងចចេសរបស់អតីតប្រធានាធិបតីដោយខានពុំបាន។
ប្រព័ន្ធសារព័ត៌មាន ធនាគារគំនិត និងអ្នកវិភាគជាច្រើន នៃសហរដ្ឋអាមេរិកសុទ្ធតែរំពឹងទុករដ្ឋាភិបាលលោក ចូ បៃដិន កុំធ្វើតាមទង្វើខុសឆ្គងរបស់រដ្ឋាភិបាលលោក ត្រាំ នោះទេ ហើយកែលម្អយ៉ាងប្រាកដប្រជា នូវគោលនយោបាយជ្រុលនិយមរបស់អាមេរិក ចំពោះប្រទេសចិននាពេលបច្ចុប្បន្ន។ ដោយឡែកលោក ចូ បៃដិន ហាក់ដូចជាក៏មានក្តីបំណងបែបនេះដែរ លោកធ្លាប់បង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ ក្នុងពេលថែ្លងសុន្ទរកថា ស្តីពីគោលនយោបាយការទូតលើកដំបូងរបស់លោក បន្ទាប់ពីឡើងកាន់មុខតំណែងថា "សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន"។
យ៉ាងណាមិញ ប្រការដែលផ្ទុយស្រឡះជាមួយការបង្ហាញអាកប្បកិរិយារបស់ លោក ចូ បៃដិន ដែលថា "សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន" គឺ នាវាចម្បាំងនៃកងទ័ពជើងទឹកអាមេរិកមួយគ្រឿង បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ ហើយនេះជាលើកទីមួយដែលលោក ចូ បៃដិន បានចាត់បញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីបានឡើងកាន់មុខតំណែង។
ខ្ញុំសម្គាល់ឃើញថា ប្រការនេះប្រហែលមិនមែនជាអ្វីដែលលោក ចូ បៃដិន ចង់មើលឃើញនោះទេ តែគឺជាផលចង្រៃដែលបណ្តាលមកពី បរិយាកាសនយោបាយអប្រក្រតីនៃសហរដ្ឋអាមេរិក។ លោក ចូ បៃដិន គួរតែដឹងច្បាស់ណាស់ថា ប្រសិនបើសហរដ្ឋអាមេរិកចង់បម្រះខ្លួន ចេញផុតពីភាពវឹកវរនាពេលបច្ចុប្បន្ន គឺមិនអាចឃ្លាតពីកិច្ចសហប្រតិបត្តិការ របស់ប្រទេសចិននោះទេ។ ប៉ុន្តែទង្វើផ្សេងៗរបស់រដ្ឋាភិបាលលោក ចូ បៃដិន ដែលបានប្រព្រឹត្តសំដៅចំពោះប្រទេសចិន នាពេលថ្មីៗកន្លងទៅនេះ បែរជាផ្ទុយស្រឡះពីការរៀបចំទំនាក់ទំនង សហប្រតិបត្តិការរវាងចិន និងអាមេរិកឡើងវិញ។
ពិតមែនតែប្រទេសចិន និងសហរដ្ឋអាមេរិកមានការខ្វែងគំនិតគ្នាក្តី មិនអាចចៀសវាងបាន ក៏ប៉ុន្តែផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ គឺធំជាងការខ្វែងគំនិតគ្នាយ៉ាងឆ្ងាយ។ នាពេលកន្លងទៅថី្មៗនេះ ប្រទេសចិនបានចេញសេចក្តីប្រកាសថា បរិមាណដីរ៉ែកម្រលើកដំបូងនៅឆ្នាំ ២០២១ ត្រូវលើកកម្ពស់ ៨ម៉ឺន ៤ពាន់តោន។ វាច្បាស់ណាស់ថា នេះគឺជាដំណឹងល្អជាទីបំផុតសម្រាប់បណ្តាប្រទេស ដែលពឹងផ្អែកលើការនាំចេញដីរ៉ែកម្ររបស់ចិន។ អ្នកជំនាញបានសម្គាល់ឃើញថា ប្រការនេះគឺជាសញ្ញាចិត្តស្មោះ ដែលចិនបញ្ចេញទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែនេះមិនមានន័យថា ប្រទេសចិនបានចុះញ៉មនឹងគោលនយោបាយ ចំពោះចិនដែលពោរពេញទៅដោយភាពមិនស៊ីសង្វាក់គ្នា របស់រដ្ឋាភិបាលលោក ចូ បៃដិន នោះទេ។
ប្រឈមមុខនឹងការចង់ស្វែងរក ឱកាសសហប្រតិបត្តិការរបស់ប្រទេសចិន តើអាជ្ញាធរសហរដ្ឋអាមេរិកត្រូវឆ្លើយតបយ៉ាងណា? ប្រសិនបើការអនុវត្តគោលនយោបាយដ៏រឹងរូស ចំពោះប្រទេសចិនបានក្លាយជា "រឿងទាន់សម័យ" មួយបែបនោះ នឹងទទួលលទ្ធផលដូចការផ្សាយដំណឹងរបស់ការសែត «USA TODAY» អាមេរិកដូច្នោះថា លុះត្រាតែលោក ចូ បៃដិន អាចមិនអើពើនឹងសំឡេងស្តីពីការប្រឆាំងនឹងចិនក្នុងស្រុក ហើយចាត់វិធានការដើម្បីកែលម្អ ទំនាក់ទំនងរវាងចិន និងអាមេរិក បើពុំនោះសោត អ្វីដែលកំពុងរង់ចាំសហរដ្ឋអាមេរិក គឺជាគ្រោះមហន្តរាយមួយលើក៕