(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍មនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា (COVID-19) ទ្រង់ទ្រាយធំជូនដល់ក្រុមអ្នកសារព័ត៌មាន ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានគូសបញ្ជាក់ថាមនុស្សប្រហែល ៥,៥០០នាក់បានទទួលការចាក់វ៉ាក់សាំងនេះសម្រាប់ដូសដំបូង របស់ពួកគេរួចរាល់ហើយ បន្ទាប់ពីសម្រេចចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ក្រុមអ្នកសារព័ត៌មានដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះ។
លោកប្រធានាធិបតីបានគូសបញ្ជាក់បន្ថែមដូច្នេះទៀតដថា៖ «យើងសង្ឃឹមថាការចាក់វ៉ាក់សាំងនេះនឹងផ្តល់ការការពារដល់ក្រុមអ្នកសារព័ត៌មានរបស់យើង ជាពិសេស អ្នកដែលនៅតាមទីសាធារណៈដែលតែងតែទាក់ទងជាមួយសាធារណជន និងទាក់ទងជាមួយប្រភពនានាជារឿយៗ»។ ការចាក់វ៉ាក់សាំងជូនដល់ក្រុមអ្នកសារព័ត៌មាននេះ មិនត្រឹមតែត្រូវបានអនុវត្តនៅក្នុងរដ្ឋធានីហ្សាការតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងត្រូវបានអនុវត្តនៅតាមបណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការវីរុស COVID-19នេះ តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១មកម្លេះ ដោយមានគោលដៅចាក់ជូនដល់ ប្រជាជនចំនួន ១៨១,៥លាននាក់រហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដើម្បីទទួលបានភាពស៊ាំជាសហគមន៍ និងបញ្ចប់ការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវនេះ៕