(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៧២នាក់ទៀតត្រូវបានរកឃើញ ដោយក្នុងនោះ ៦៣នាក់ជាករណីឆ្លងក្នុងស្រុក និង ០៩នាក់ទៀតជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកខាងលើនេះ ខេត្តសាមុតសាខន បានរ៉ាប់រងច្រើនជាងគេរហូតដល់ទៅ ៣០ករណី ខណៈទីក្រុងបាងកកវិញក៏មាន ០៧ករណីផងដែរ។ កាលពីថ្ងៃពុធម្សិលមិញនេះ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ចំនួន ២សែនដូស ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសថៃ ហើយអាជ្ញាធរនឹងចាប់ផ្តើមយុទ្ធនាការចាក់ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៥,៧៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ៨៣នាក់ និងជាសះស្បើយឡើងវិញ ២៤,៧៣៤នាក់។ អត្រាអ្នកជាសះស្បើយពីជំងឺ COVID-19 នៅក្នុងប្រទេសថៃមានរហូតដល់ទៅ ៩៦% ដោយពេលនេះអ្នកជំងឺចំនួន ៩៤៧នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕