លោក ចូ បៃដិន ត្រូវបានស្នើឲ្យគិតគូរឡើងវិញ ចំពោះអំណាចគ្រប់គ្រងលើ «ប៊ូតុងនុយក្លេអ៊ែរ» (Video inside)
25-02-2021 12:47
(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យជាច្រើនរូប បានចុះហត្ថលេខាលើលិខិតមួយច្បាប់ ដោយស្នើឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បោះបង់ចោលអំណាចផ្ដាច់មុខ ក្នុងការបញ្ជាឱ្យប្រើប្រាស់ ឬការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន Politico នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
គំនិតផ្ដួចផ្ដើមខាងលើនេះ ត្រូវបានបំផុសឡើងដោយសមាជិកសភាតំណាងរាស្ត្រ នៃបក្សប្រជាធិបតេយ្យមួយរូប គឺលោក ជីមមី ផាណិតតា (Jimmy Panetta)។ នៅក្នុងលិខិតមួយច្បាប់ខាងលើ លោក Jimmy Panetta បានគូសបញ្ជាក់ដូច្នេះថា «មនុស្សមា្នក់ដែលមានអំណាចផ្ដាច់មុខបែបនេះ អាចនឹងបង្កគ្រោះថ្នាក់ធំនៅថ្ងៃណាមួយ។ ប្រធានាធិបតីមុនមួយចំនួន បានគំរាមកំហែងវាយប្រហារលើប្រទេសដទៃ ដោយអាវុធនុយក្លេអ៊ែរ... ដូច្នេះអាស្រ័យលើគោលជំហរសព្វថ្ងៃ របស់កងកម្លាំងនុយក្លេអ៊ែរអាមេរិក ការវាយប្រហារអាចនឹងកើតឡើង ត្រឹមរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ»។
លោក Jimmy Panetta បានបន្ថែមទៀតថា យោធាអាមេរិកគួរតែមានកាតព្វកិច្ច អនុវត្តតាមបទបញ្ជា នៅពេលពួកគេវាយតម្លៃយល់ឃើញថា បទបញ្ជានោះត្រឹមត្រូវតាមច្បាប់សង្រ្គាម។
ទោះជាយ៉ាងណា បច្ចុប្បន្នប្រធានាធិបតីអាមេរិក គឺជាអ្នកមានសិទ្ធិអំណាចផ្ដាច់មុខ ក្នុងការចេញបញ្ជាឱ្យបើកការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរគ្រប់ពេលវេលា និងគ្រប់ហេតុផលទាំងអស់ ឬអាចនិយាយឱ្យងាយស្ដាប់បានថា ទោះបីជាបទបញ្ជាទាំងនោះត្រូវឆ្លងកាត់ ការទទួលស្គាល់ពីរដ្ឋមន្ត្រីការពារជាតិក៏ដោយ តែពួកគេគ្មានអំណាចវេតូនោះទេ ហើយមានតែអនុវត្តតាមតែប៉ុណ្ណោះ នៅពេលមានបទបញ្ជាពីប្រធានាធិបតី៕