Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ី ជិនពីង៖ «ប្រទេសចិនទទួលជោគជ័យពេញលេញ ក្នុងការលុបបំបាត់ភាពក្រីក្រ»

25-02-2021 11:44

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបាន «ទទួលភាពជោគជ័យពេញលេញ» ហើយ ក្នុងការលុបបំបាត់ភាពក្រីក្រ (absolute poverty)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ស៊ី ជិនពីង ក្នុងនាមជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការមជ្ឈិមយោធាផងដែរនោះ បានប្រកាសថា ភាពក្រីក្រត្រូវបានលុបបំបាត់ចេញពីក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកហើយ។ ការធ្វើសេចក្តីប្រកាសបែបនេះ បានកើតមានឡើង ខណៈលោក ស៊ី ជិនពីង កំពុងថ្លែងទៅកាន់កិច្ចប្រជុំដ៏ធំមួយ ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង ដើម្បីកត់សម្គាល់អំពីសមិទ្ធផលរបស់ប្រទេសជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រ។

ក្នុងរយៈពេល ០៨ឆ្នាំកន្លងទៅនេះ ប្រជាជនក្រីក្រប្រមាណ ៩៨.៩៩លាននាក់ចុងក្រោយ ដែលរស់នៅតាមជនបទ ត្រូវបានគេដកចេញពីបញ្ជីភាពក្រីក្រហើយ គិតត្រឹមដើមឆ្នាំ២០២១នេះ ខណៈស្រុកក្រីក្រចំនួន ៨៣២ និងភូមិក្រីក្រចំនួន ១២៨,០០០ ក៏ត្រូវបានដកចេញពីបញ្ជីនៃភាពក្រីក្រដែរ។

គួរបញ្ជាក់ថា ប្រទេសចិនបានចូលរួមចំណែកជាង ៧០ភាគរយ នៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក ក្នុងរយៈពេលដូចគ្នានេះ។ ជាមួយនឹងសមិទ្ធផលទាំងនេះ ប្រទេសចិនបានបង្កើត «អព្ភូតហេតុ» មួយដែលនឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រ។ បើតាមទិន្នន័យកាលពីឆ្នាំ២០២០ ប្រទេសចិនមានប្រជាជនសរុបជាង ១,៤៣៩លាននាក់៕