(អាហ្វ្រិក)៖ អង្គការសុខភាពពិភពលោក WHO បានផ្ដល់វ៉ាក់សាំង COVID-19 ដល់ហ្គាណា ដែលបានក្លាយជាប្រទេសដំបូងគេបំផុតទទួលបានវ៉ាក់សាំង តាមរយៈកម្មវិធី Covax។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
Covax គឺជាគំនិតផ្ដួចផ្ដើមមួយដឹកនាំដោយអង្គការ WHO និងអង្គការជាដៃគូ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ធានាឱ្យបាននូវការទទួលបានវ៉ាក់សាំង ប្រកបដោយតម្លាភាព និងមានគោលដៅផ្គត់ផ្គង់វ៉ាក់សាំង ២ពាន់លានដូសនៅជុំវិញសកលលោក នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារហៅកាត់ថា Unicef បានឱ្យដឹងថា វ៉ាក់សាំងសរុបជាង ៦០០,០០០ដូស ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford បានទៅដល់រដ្ឋធានី អេកក្រា (Accra) ប្រទេសហ្គាណា នៅថ្ងៃពុធនេះហើយ។ សេចក្ដីថ្លែងការណ៍ដដែល ថែមទាំងបានគូសបញ្ជាក់ផងដែរថា ការមកដល់នៃវ៉ាក់សាំង COVID-19 សម្រាប់ហ្គាណា គឺពិតជាមានសារៈសំខាន់ក្នុងការបិទបញ្ចប់ ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ប្រទេសហ្គាណាដែលមានប្រជាជនសរុបជាង ៣១លាននាក់ បច្ចុប្បន្នមានករណីឆ្លង COVID-19 សរុប ៨១,២៤៥ករណី ក្នុងនោះស្លាប់ ៥៨៤នាក់ និងជាសះស្បើយឡើងវិញ ៧៤,០៤៧នាក់៕