(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាពួកគេបានសម្រេចចិត្តជាចុងក្រោយ លើសេចក្ដីណែនាំថ្មីមួយ ដែលតម្រូវឱ្យមានការត្រួតពិនិត្យសុវត្ថិភាពបន្ថែមសម្រាប់យន្ដហោះ Boeing 777-200 ទាំងអស់ដែលមានបំពាក់ម៉ាស៊ីន ប្រាត អ៊ែន វីតនី ភីដាប់ប៊ែលយូ ៤០០០ (Pratt & Whitney PW 4000) បន្ទាប់ពីមានបញ្ហាផ្ទុះឆេះម៉ាស៊ីនប្រភេទនេះកាលពីចុងសប្ដាហ៍មុន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ថ្លែងនៅក្នុងវេទិកាមួយស្ដីពីសុវត្ថិភាពហោះហើរ លោក Steve Dickson បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានធ្វើការដោយមិនបានសម្រាក ចាប់តាំងពីរសៀល ថ្ងៃសៅរ៍សប្ដាហ៍មុនមក ហើយខ្ញុំពិតជាមានទំនុកចិត្តថាយើងអាចនឹងដោះស្រាយបញ្ហាមួយនេះបាន...យើងពិតជាចង់ស្វែងយល់ចំពោះអ្វីដែលបានកើតឡើង ដើម្បី ចាត់វិធានការបង្ការនានា សំដៅរារាំងកុំឱ្យហេតុការណ៍ដូចគ្នានេះកើតឡើងជាថ្មីនៅពេលអនាគត់»។ តែព្រមពេលជាមួយគ្នា ក្រៅតែពីការសម្រេចចិត្តបង្កើនការត្រួតពិនិត្យសុវត្ថិភាពបន្ថែម លោក Steve Dickson មិនបានបញ្ជាក់ពីមូលហេតុនៃបញ្ហាម៉ាស៊ីន Pratt & Whitney PW 4000 នោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន យន្ដហោះ Boeing 777 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ស្រាប់តែផ្ទុះឆេះម៉ាស៊ីន នៅលើអាកាស ដោយបង្ខំឱ្យពីឡុត ចុះចតជាបន្ទាន់។ យន្ដហោះនេះមានដឹកអ្នកដំណើរ ២៣១នាក់ និងអាកាសយាននិក១០នាក់ ក្នុងដំណើរផ្លូវចេញពីទីក្រុង Denver នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ឆ្ពោះទៅកាន់ទីក្រុង ហូណូលូលូ (Honolulu) នៃរដ្ឋ ហាវ៉ៃ (Hawaii)។ តែជាសំណាងល្អ យន្ដហោះនេះបានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាន Denver International Airport។
ក្រោយហេតុការណ៍នេះកើតឡើង ក្រុមហ៊ុន Boeing ក៏បានប្រកាសបញ្ឈរជើងយន្ដហោះប្រភេទ 777 របស់ខ្លួនចំនួន១២៨គ្រឿងដែលមានបំពាក់ម៉ាស៊ីន Pratt & Whitney PW 4000 នៅជុំវិញពិភពលោកផងដែរ៕