Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Jeff Bezos ត្រឡប់មកកាន់តំណែងជាអ្នកមានដាច់គេលើលោក បន្ទាប់ពីលោក Elon Musk ខាតប្រាក់អស់១៥ពាន់លានដុល្លារ ​​​​(Video inside)

24-02-2021 14:01

(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon លោក Jeff Bezos បានឡើងទៅឈរលើកំពូលតារាងសាជាថ្មី ក្នុងនាមជាអ្នកមាន ជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីភាគហ៊ុនម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk ដាំក្បាលចុះក្រោមខ្លាំងបំផុតមិនធ្លាប់មាន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន businesstoday នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ លោក Elon Musk គឺជាអ្នកមានដាច់គេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបដល់ទៅ ១៩៩.៩ពាន់លានដុល្លារ។ ប៉ុន្តែ មកដល់ថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ (ពេលវេលានៅសហរដ្ឋអាមេរិក) តម្លៃភាគហ៊ុនក្រុមហ៊ុន Tesla របស់លោក Elon Musk ស្រាប់តែធ្លាក់ចុះអស់៨.៦ភាគរយ ឬស្មើនឹងការបាត់បង់ប្រាក់ដល់ទៅ១៥.២ពាន់លានដុល្លារ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ហើយនេះគឺជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក។

ការធ្លាក់ចុះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានរុញនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon លោក Jeff Bezos ឡើងទៅឈរលើកំពូលតារាងជាបណ្ដោះអាសន្ន ក្នុងនាមជាអ្នកមានជាងគេបំផុតលើពិភពលោក។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ លោក Jeff Bezos មានទ្រព្យសរុប១៨៦ពាន់លានដុល្លារ ខណៈលោក Elon Musk មានទ្រព្យសរុប ១៨៣ពាន់លានដុល្លារ។ ចំណែកឯ ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បន្តកាន់កាប់តំណែងលេខ៣ដដែល ដោយមានទ្រព្យ ១៣៥ពាន់លានដុល្លារ៕