(តូក្យូ)៖ អាជ្ញាធរនៅតាមតំបន់ជាច្រើននៃប្រទេសជប៉ុនបានស្នើសុំរដ្ឋាភិបាល ឲ្យដកការប្រកាសអាសន្នចេញជាបន្ទាន់ នៅមុនថ្ងៃទី០៧ ខែមីនាខាងមុខនេះ ខណៈ ករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ថ្មីៗបានធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ការកើនឡើងយ៉ាងគំហុកនូវករណីឆ្លង COVID-19 ថ្មីៗជារៀងរាល់ថ្ងៃ បានជំរុញឱ្យប្រទេសជប៉ុនសម្រេចប្រកាសភាពអាសន្នកាលពីខែមករាកន្លងទៅ នៅក្នុង ខេត្ត និងតំបន់ចំនួន១១ ដោយស្នើសុំឱ្យប្រជាជនផ្អាកសកម្មភាព និងអាជីវកម្មមួយចំនួន ឬកាត់បន្ថយម៉ោងធ្វើការជាដើម។
ឆ្លើយតបទៅនឹងការអំពាវនាវពីអាជ្ញាធរថ្នាក់តំបន់ ប្រធានឧុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) នៅថ្ងៃពុធនេះបានគូសបញ្ជាក់ថាស្ថានភាពនៃការប្រកាសអាសន្នអាចនឹងត្រូវបានដកចេញជាដំណាក់កាល និងបន្ទាប់ពីមាន ការពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញជាមុនសិន។
គួរបញ្ជាក់ថា ទូរទស្សន៍ជាតិ NHK បានរាយការណ៍ឲ្យដឹងថា ប្រទេសជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៨៣ករណី ដែលជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការឆ្លងខ្ពស់បំផុតជិត ៨,០០០ករណីកាលពីថ្ងៃទី០៨ ខែមករា កន្លងទៅនេះ។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ជប៉ុនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤២៦,៤៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៥២៩នាក់ និងអ្នកជាសះស្បើយ ៤០១,៨០៩នាក់៕