(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧១,០៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៤០៤នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,៨៩៧,៧១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥១៤,៩៩៦នាក់ និងជាសះស្បើយឡើងសរុប ១៩,២១២,៥១៧នាក់។
គួរបញ្ជាក់តាមអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៉ី (Anthony Fauci) បាននិយាយថា ជនជាតិអាមេរិកប្រហែលជាត្រូវ នៅបន្តអនុវត្តការពាក់ម៉ាស់ជាប្រចាំ រហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដើម្បីការពារប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19។ សហរដ្ឋអាមេរិកក៏កំពុងបន្តសម្រុកចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ខ្លួន ចំពោះមុខបញ្ហាបង្កឡើងដោយអាកាសធាតុត្រជាក់ ដែលបាននិងកំពុងបង្កភាពរាំងស្ទះ នៅតាមបណ្តារដ្ឋមួយចំនួន ក្នុងនោះមានដូចជារដ្ឋតិចសាស់ជាដើម៕