(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសនេះ ដើម្បីទទួលបានវ៉ាក់សាំងជាជំហានដំបូងចំនួន ២០០,០០០ដូស នៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយនៅថ្ងៃអង្គារនះថា រដ្ឋបាលចំណីអាហារនិងឪសថថៃ បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sinovac ក្នុងករណីបន្ទាន់ ហើយកញ្ចប់ដំបូងនៃវ៉ាក់សាំងទាំងនេះគ្រោងនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ។
មន្ត្រីរដ្ឋាភិបាលដែលស្នើសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha នឹងទៅអាកាសយានដ្ឋាន ដើម្បីសង្កេតមើលការមកដល់់របស់វ៉ាក់សាំងចិន។
គួររំលឹកថា កាលពីថ្ងៃចន្ទកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីថៃបានមានប្រសាសន៍ថា រូូបលោកអាចនឹងជាមនុស្សដំបូងគេនៅក្នុងប្រទេស ដែលទទួលចាក់វ៉ាក់សាំង ជាមួយនឹងវ៉ាក់សាំងចិន Sinovac៕