(ម៉ានីល)៖ កងកម្លាំងសន្តិសុខហ្វីលីពីននៅថ្ងៃអង្គារនេះ បានអះអាងពីការបានចាប់ខ្លួនស្ត្រី ០៩នាក់ដែលត្រូវបានគេសង្ស័យថា ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងខេត្តស៊ូលូ (Sulu) ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
មេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៃបញ្ជាការដ្ឋាន Mindanao ភាគខាងប្រទេសហ្វីលីពីន លោក Corleto Vinluan បានគូសបញ្ជាក់ថា ក្រុមកងទ័ព និងក្រុមប៉ូលីសបានចាប់ខ្លួនស្រ្តី ០៩នាក់ដែលត្រូវបានគេសង្ស័យថាជា «អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលមានសក្តានុពល» ក្នុងកំឡុងពេលប្រតិបត្តិការដំណាលគ្នានៅព្រឹកព្រលឹមថ្ងៃសុក្រសប្តាហ៍មុន នៅកទីប្រជុំជន Patikul និង Jolo នៃខេត្ត Sulu។
ក្នុងចំណោមជនសង្ស័យខាងលើ រួមមានបងប្អូនស្រី និងកូនស្រី ០៣នាក់របស់មេដឹកនាំកំពូលនៃក្រុមឧទ្ទាម អាប៊ូ សាយ៉ាហ្វ (Abu Sayyaf) លោក Hatib Hajan Sawadjaan ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពកាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។ Sawadjaan ត្រូវបានគេចោទប្រកាន់ថា ជាមេក្លោងធំបំផុតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននៅក្នុងខេត្តដាច់ស្រយាល។
គួរបញ្ជាក់ថា ជាមួយការចាប់ខ្លួនជនសង្ស័យខាងលើនេះ ក្រុមកងទ័ព បានរឹបអូសគ្រឿងបន្លាស់គ្រឿងផ្ទុះកែច្នៃមួយចំនួនផងដែរ ខណៈដែលជនសង្ស័យទាំងនោះ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់៕