(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៥ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យ CCSA លោក ថាវីស៉ីព វីសានុយោធីន (Taweeslip Visanuyothin) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩៣ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះទៀតសោត មាន៥៤ករណីត្រូវបានរាយការណ៍ចេញពីខេត្ត សាមុត សាខន (Samut Sakhon) និង០២ករណីទៀតត្រូវបានរាយការណ៍ចេញពី ទីក្រុងបាងកក។ ចំណែកឯ ០២ករណីផ្សេងទៀតជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៥,៥៩៩ករណី ក្នុងចំណោមនោះ ២២,៨៨៥ករណី ជាករណីឆ្លងក្នុងស្រុក។ ចំណែកឯ ចំនួនអ្នកស្លាប់វិញនៅរក្សាត្រឹម ៨០នាក់ដដែល ខណៈចំនួនអ្នកជាសះស្បើយ ២៤,៤៤៦នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕